ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ ស្រាលត្រូវបានអ្នកភូមិ ក៏ដូចជាសមត្ថកិច្ចបានដឹកមកសង្គ្រោះមកកាន់មន្ទីរពេទ្យស្រុករមាសហែក រីឯផ្ទះក្បឿងមួយខ្នងត្រូវបានដួលរលំបាក់រាបដល់ដី ដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់យ៉ាងខ្លាំង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមមន្ត្រីសាលាស្រុករមាសហែកបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងរបួសមានឈ្មោះទិត្យ សាភាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អ៉ិន ចាន់ធីតា អាយុ៣៧ឆ្នាំ កូនស្រីមានឈ្មោះទិត្យ សណ្ដាប់ អាយុ១៥ឆ្នាំ និងសែម ពិសិដ្ឋ ត្រូវជាក្មួយ អាយុ១៤ឆ្នាំ មុខសិស្ស និងម្ដាយមានឈ្មោះ សូវ៉ាន់ ធឿន អាយុ៥៧ឆ្នាំមុខរបរកសិករ ដោយអ្នកទាំង៥មានទីលំនៅភូមិ ឃុំផ្ទះកើតហេតុខាងលើ។
ប្រភពបន្តថា ចំណែកផ្ទះដែលដួលរលំនោះមាន ទំហំទទឹង៧ម៉ែត្រគុណនិងបណ្ដោយ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងត្រូវខូចខាតទាំងស្រុង ចំពោះទ្រព្យសម្បត្តិមិនទាន់ដឹងនៅឡើយ។
បច្ចប្បន្ន ក្រុមគ្រួសារដែលរងរបួសទាំង៥នាក់ត្រូវបានបញ្ជូនមកសម្រាព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក៕ យឹម សុថាន