រថភ្លើងតភ្ជាប់ពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃ ដែលមានល្បឿនដល់ទៅ ៣៥០គីឡូម៉ែត្រ ក្នុង១ម៉ោង បានដាក់ឲ្យ ដំណើរការសាកល្បងកាលពីចុងខែកញ្ញាកន្លងទៅ។
សារព័ត៌មាន China Mornig Postបាន ផ្សាយថា រថភ្លើងល្បឿនលឿនមានឈ្មោះ ថា Fuxing បានដាក់ដំណើរការសាកល្បង កាលពីថ្ងៃទី២១ ខែកញ្ញា។ ឈ្មោះរថភ្លើងនេះបានដាក់តាមគោលដៅនយោបាយ របស់ប្រធានាធិបតីចិន ស៊ីជីនពីង។
តាមគម្រោងរថភ្លើង មានល្បឿនដល់ទៅ៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ហើយអ្នកដំណើរចំណាយពេលតែ៤ម៉ោង៥៥នាទី ប៉ុណ្ណោះ ក្នុងការធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃ ហើ់យតម្លៃសំបុត្រ ធម្មតា៨៣ដុល្លារ។ នៅពេលសាកល្បងរថភ្លើងមានល្បឿនដល់ទៅ៣៥០គីឡូម៉ែត្រក្នុង១ម៉ោង។ តាមលទ្ធផលនៃការសាក ល្បងបង្ហាញឲ្យឃើញថា រថភ្លើងនេះអាច ធ្វើដំណើរបានដល់ទៅ៤០០គីឡូម៉ែត្រ ក្នុង១ម៉ោង នាពេលអនាគត។
ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ មាន អ្នកធ្វើដំណើរចុះឡើងច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន ដោយនៅក្នុងមួយឆ្នាំមានពលរដ្ឋធ្វើដំណើរចុះឡើងរហូតដល់ទៅ៦០០លាននាក់ គឺជាចំនួនច្រើនបំផុត លើពិភពលោក។
ចិនបានផ្តោតការអភិវឌ្ឍរថភ្លើងល្បឿន លឿន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះដើម្បីបំពេញតាមតម្រូវការអ្នកដំណើរនៅក្នុងស្រុក។ កាលពីចុងឆ្នាំ២០១៦ ចិនបានកសាងរួចរាល់នូវផ្លូវដែកល្បឿនលឿន មានប្រវែង២២ពាន់គីឡូម៉ែត្រ ដែលចាប់ ផ្តើមកសាងនៅឆ្នាំ២០០៨។
ជាមួយនឹងរថភ្លើងល្បឿនលឿននេះ អ្នកជំនួញនៅក្នុងទីក្រុងធំបំផុតទាំង២ របស់ចិន ងាយស្រួលក្នុងការធ្វើដំណើរចុះឡើងមិនរាំងស្ទះដូចកាលពីមុនដែលអាចជួយដល់សេដ្ឋកិច្ចចិនកាន់តែរីកចម្រើន៕ ម៉ែវ សាធី