ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តពោធិ៍សាត់ក្រោមក្រសែភ្នែកលោក ប៉ាន់ មរកត

ចែករំលែក៖

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់បានកត់សម្គាល់ថា ចាប់តាំងពីលោក ប៉ាន់ មរកត ទទួលបានតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់មកគឺបទល្មើសកាប់ឈើក្នុងតំបន់ព្រៃការពារ និងព្រៃអភិរក្សកើតឡើងខ្លាំងជាងមុនទៅទៀត។ សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ការដែលមន្ត្រី បរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិង តំបន់ជួរភ្នំក្រវាញភាគកណ្ដាលបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់មានការឃុបឃិតពីលោក ប៉ាន់ មរកត ដែលជាចៅហ្វាយនាយពួកគេផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ទេនោះគឺមន្ត្រីបរិស្ថានឈរ ជើងតាមតំបន់នានាក្នុងខេត្តពោធិ៍សាត់មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ ។

ប្រភពពីប្រជាពលរដ្ឋនិងសកម្មជនព្រៃឈើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់បាន ឲ្យដឹងថា រយៈពេល៣ខែចុងក្រោយនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ជួរភ្នំក្រវាញភាគកណ្ដាលកើតឡើងយ៉ាងពេញបន្ទុក។ ឈ្មួញឈ្មោះម៉ៅ ជាមន្ត្រីនគរបាលស្រុកក្រគរ និងឈ្មួញជាច្រើននាក់ទៀតបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែងយ៉ាងរលូនព្រោះមន្ត្រី បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតឃុបឃិតបើកដៃដើម្បីជាថ្នូរនឹង ផលប្រយោជន៍ ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងមជ្ឈដ្ឋាននានាបានរិះគន់ថាលោក ប៉ាន់ មរកត ជាអ្នកទទួលខុសត្រូវធំជាងគេចំពោះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិងតំបន់អភិរក្សជួរភ្នំ ក្រវាញភាគកណ្ដាល។ ដោយហេតុថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់លោក ប៉ាន់ មរកត ទេនោះគឺមន្ត្រីបរិស្ថានប្រចាំតំបន់ទាំង៣ខាងលើមិនហ៊ានបណ្ដោយឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ៕

 


ចែករំលែក៖