ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិច្រកតោលដែលភៀសខ្លួនភ័យខ្លាចនឹងជំងឺឈឺស្លាប់១០នាក់មិនហ៊ានត្រឡប់ទៅភូមិវិញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គិតមកដល់ពេលនេះ ទោះជាមានអាជ្ញាធរមូលដ្ឋាន និងវេជ្ជបណ្ឌិតជំនាញក្រសួងសុខាភិបាលពន្យល់យ៉ាងណាក្តី ក៏អ្នកភូមិច្រកតោល ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅជាប់នឹងតំបន់ព្រៃឡង់ ដែលរត់ភៀសខ្លួនភ័យខ្លាចនឹងជំងឺឆ្លងរាតត្បាតនោះនៅតែពុំទាន់ហ៊ានវិលត្រឡប់មកភូមិវិញទេ។ ផ្ទុយទៅវិញពួកគាត់នៅតែបន្តទៅធ្វើពិធីសែនព្រេននៅភូមិនោះតាមបែបជំនឿរបស់ពួកគាត់ ។

នៅក្នុងពិធីសែនព្រេននេះបុរសម្នាក់ ឈ្មោះ ហួត ហ៊ី បាននិយាយឲ្យដឹងថា នៅភូមិនេះមានអ្នកតាខ្លាំងពូកែ១កន្លែងជាអ្នកថែរក្សាទឹកដីនេះ ហើយអ្នកតានេះត្រូវខ្មោច ព្រៃចាប់ចងក្នុងពេលដែលលោកកំពុងមានជំងឺ ហើយក៏ធ្វើបាបអ្នកភូមិឲ្យមានជំងឺតម្កាត់ ពេញទាំងភូមិតែម្ដង។ ហេតុនេះទើបពួក គាត់និមន្តព្រះសង្ឃ និងព្រះចៅអធិការវត្តសុវណ្ណគិរីនៅភូមិជាំស្វាយមកធ្វើពិធីជួយ រំដោះអ្នកតា និងបួងសួងសុំសេចក្ដីសុខ ។

ព្រះចៅអធិការវត្តសុវណ្ណគិរីព្រះតេជព្រះគុណ ឈឹម ណាង បានមានថេរដីកា ថា វាជាអាគមផ្សំអាយូស។ បើគ្មានរឿង អរូបីនេះចូលមកលាយឡំនោះទេស្ថានភាពជំងឺអ្នកភូមិនៅទីនេះមិនមានវឹកវរដូច្នេះទេ។ ចំណែកខាងពេទ្យនិយាយនោះវាត្រូវមួយ បែបហើយ ប៉ុន្តែការហូបចុករបស់អ្នកភូមិច្រកតោលជាប់នឹងតំបន់ព្រៃឡង់នេះជាជីវភាពធម្មតាតែប៉ុណ្ណឹងហើយ ។

ព្រះចៅអធិការមានថេរដីកាបន្តថា ហេតុនេះការប្រារព្ធពិធីសែនព្រេននិងបួងសួងសុំសេចក្ដីសុខនេះគ្រាន់តែជាកិច្ចរួម ផ្សំបន្ថែមតែប៉ុណ្ណោះ។ ចំណែកក្រសួងសុខា ភិបាលបានជូនដំណឹងថា ជំងឺដែលកើត ឡើងនៅភូមិច្រកតោល ឃុំមានរឹទ្ធ ស្រុក សណ្ដាន់ ខេត្តកំពង់ធំបានចាប់ផ្ដើមនៅ ដើមខែសីហា ឆ្នាំ២០១៧ រហូតមកទល់ ថ្ងៃភ្ជុំបិណ្ឌដែលបណ្ដាលឲ្យប្រជាពលរដ្ឋ ស្លាប់ជាបន្តបន្ទាប់រហូតដល់ទៅ៨នាក់ ក្នុងនោះមានមន្ត្រីអនុរក្សបរិស្ថាន៣នាក់ ផងនោះត្រូវបានគេរកឃើញពងដង្កូវព្រូនទ្រីស៊ីណែឡានៅក្នុងសាច់ឆៅដែលអ្នក ភូមិបរិភោគ ។

ក្រសួងសុខាភិបាលបានបន្តឲ្យដឹងថា ការបរិភោគសាច់សត្វព្រៃប្រមាណពី៣ សប្ដាហ៍ទៅ៤សប្ដាហ៍ចាប់ផ្ដើមមានរោគសញ្ញា គ្រុនក្ដៅ រាកក្អួត ឈឺសាច់ដុំ អស់ កម្លាំង ហើមដៃជើង និងឈឺសន្លាក់ជាដើម។ ចំពោះអ្នកភូមិច្រកតោលមានអ្នកឈឺសរុប ៣៣ករណី ក្នុងនោះបានស្លាប់៨នាក់ភេទ ប្រុស។ ឯអ្នកជំងឺ១៣នាក់ផ្សេងទៀតដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលាត្រូវបានក្រុមគ្រូពេទ្យយកសំណាកកោសិកាសាច់ដុំដើមដៃអ្នកជំងឺ៣នាក់ និងឈាមអ្នកជំងឺ៩នាក់យកទៅវិភាគ រកឃើញមានដង្កូវព្រូនទ្រីស៊ីណែឡានៅ ក្នុងសាច់ដុំ ។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមបញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិន មិនឆ្អិនល្អនិងចូលរួមអនុវត្តវិធានការបង្ការជំងឺដង្កូវព្រូន ទ្រីស៊ីណែឡា ដែលជំងឺនេះធ្វើ ឲ្យអ្នកជំងឺស្លាប់ក្នុងរយៈពេលខ្លីទៀតផង៕ ហេង សូរិយា


ចែករំលែក៖