ខេត្តឧត្តរមានជ័យ៖ មានស្នូរផ្ទុះកាំភ្លើង ខ្លី៧គ្រាប់ចេញពីផ្ទះលោកផ្កាយ៣ ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសប្រជាពលរដ្ឋដែលបាននាំគ្នាទៅទស្សនាកម្សាន្តផ្ទៃបឹងតាម៉ុកនៅខាងមុខផ្ទះរបស់លោក ផ្កាយ៣នោះ ។
បើតាមការឲ្យដឹងពីប្រជាពលដ្ឋនៅក្នុងហេតុការណ៍ផ្ទុះអាវុធនេះបាននិយាយថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេណផ្ទះលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ហៅនាម៥១ ក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋដែលតែងតែនាំគ្នាទៅ ទស្សនាផ្ទៃបឹងតាម៉ុកពេលល្ងាចនិងពេលរាត្រីកំពុងព្រួយបារម្ភចំពោះសន្តិសុខនិងសុវត្ថិភាពយ៉ាងខ្លាំងក្រោយពីមានការផ្ទុះអាវុធយ៉ាងអនាធិបតេយ្យបែបនេះ ។
ប្រជាពលរដ្ឋបានលើកឡើងដោយមិននឹកស្មានដល់នៅខាងមុខផ្ទះថ្នាក់ដឹកនាំដ៏ធំម្នាក់នៅស្រុកអន្លង់វែងបែរជាសម្បូរទៅដោយក្រុមក្មេងទំនើងនិងពួកញៀនថ្នាំទៅវិញ ។
ពាក់ព័ន្ធនឹងករណីនេះលោកឧត្តម សេនីយ៍ឯក ង៉ែត ចាន់ថុន បានឲ្យអ្នកសារ ព័ត៌មាននគរវត្តដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ថា លោកទទួល ស្គាល់ថា មានការផ្ទុះអាវុធចំនួន៧គ្រាប់ មែន ប៉ុន្តែលោកមិនបានប្រព្រឹត្តដោយផ្ទាល់ទេគឺកូនចៅរបស់លោកជាអ្នកបាញ់ដើម្បីបង្អើលក្រុមក្មេងស្ទាវ និងពួកញៀនថ្នាំ ។
ចំពោះការលើកឡើងនេះត្រូវបាន មហាជននៅស្រុកអន្លង់វែងរអ៊ូរទាំថា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្បូរទៅដោយសំបុកគ្រឿងញៀន និងក្មេងស្ទាវបែបនេះតើឲ្យភ្ញៀវទេសចរមកកម្សាន្តទទួលបានភាពកក់ក្តៅយ៉ាងណា? ៕ ប៉ែន នួន