ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងត្រៀមលក្ខណៈសាកល្បងមីស៊ីលជាថ្មី

ចែករំលែក៖

ប្រភពព័ត៌មានពីក្រុមចារកម្ម កូរ៉េខាង ត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនមីស៊ីលឆ្លងទ្វីបចេញពីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ទៅកាន់ទីតាំង ត្រៀម សាកល្បងសាជាថ្មី។

កូរ៉េខាងជើងមានប្រពៃណីក្នុងការសាកល្បងអាវុធ នៅក្នុងពិធីបុណ្យធំៗរបស់ជាតិក្នុងនោះមានពិធីរំលឹកខួបទី៧២ឆ្នាំថ្ងៃបង្កើតបក្សពលករកាន់អំណាចកូរ៉េខាងជើង នាថ្ងៃទី១០ ខែតុលា។

កាលពី៧ឆ្នាំមុន នៅថ្ងៃទី១០ ខែតុលាក៏ជាថ្ងៃមេដឹកនាំវ័យក្មេងគីម ជុងអ៊ុនបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ជាមួយនឹងឪពុកគីម ជុងអុីល។

ក្រុមចារកិច្ចអាមេរិក និងកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង នឹងធ្វើការ សាកល្បងមីស៊ីលជាថ្មី នៅថ្ងៃទី១០ ខែ តុលា។កាលពីខែកក្កដា កូរ៉េខាងជើង បាន សាកល្បងមីស៊ីលពីរដើម ឆ្លងទ្វីប ហើយ បន្តសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦កាលពីថ្ងៃទី៣ ខែកញ្ញា។

នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ថា បានចំណាយពេលអត់ប្រយោជន៍ ពេលដែលខិតខំស្វែងរកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ ទីក្រុងព្យុងយ៉ាង ។ មេដឹកនាំ កូរ៉េខាងជើង ធ្លាប់បានប្រកាសជាច្រើនលើកមកហើយថា ទីក្រុងព្យុងយ៉ាងមិនបោះ បង់អាវុធបរមាណូជាដាច់ខាត ដោយចាត់ ទុកថា បរមាណូ គឺជារនាំងដ៏រឹងមាំក្នុងការទប់ស្កាត់ អាមេរិកឈ្លានពានកូរ៉េខាង ជើង។

កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ទំនងជាកំពុងធ្វើការឆ្លើយតប ដោយ ប្រយោល ចំពោះលោក Rex Tillerson ក្រោយពីមានសេចក្តីថ្លែងការណ៍មួយ ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ ស្តីពីការទាក់ទង ដោយផ្ទាល់ ជាមួយនឹង ទីក្រុងព្យុងយ៉ាង។

កាសែតកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសរសេរថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវ លុបចោល នូវសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក រវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងសេអ៊ូល ដែលចុះហត្ថលេខា កាលពីថ្ងៃទី០១ ខែ តុលា ឆ្នាំ១៩៥៣ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅកូរ៉េ បានពីរខែ។

យោងតាមប្រភពព័ត៌មានថ្មីមួយ ពី​កាសែតអាមេរិក UPI បានឲ្យដឹងថា ដោយពិពណ៌នាពីសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក នឆងកូរ៉េ ខាងត្បូង ថាជាគម្រោងការដ៏ស្រមើស្រមៃ រវើរវាយ ចំពោះការ ឈ្លានពានកូរ៉េខាង ជើងនោះ កូរ៉េខាងជើង បាននិយាយថា “សន្ធិសញ្ញានៃភាពឈ្លានពានសង្គ្រាម គួរតែត្រូវបានលុបចោល ដោយគ្មានភាព យឺតយ៉ាវឡើយ”៕ ម៉ែវ សាធី


ចែករំលែក៖