ភ្នំពេញ៖ យុវជនម្នាក់ផឹកស្រាABCអស់ប្រាំបីកំប៉ុងចូលខ្លួនក្លាហានយកសាំងចាក់ដុតផ្ទះអ្នកជិតខាង បណ្តាលឲ្យភ្ញាក់ផ្តើលដល់សមត្ថកិច្ចរត់ជាន់ជើងគ្នាទាំងកណ្តាលអាធ្រាត្រចុះអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង៤៦នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ២២០អឺ3 ផ្លូវ២១៧ ភូមិ៥ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លឹម សាយគៀង ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ។ ចំណែកជនបង្កឈ្នោះ យ៉ាង ចាន់សុប៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៨អឺសេរ៉ូស៊េត ផ្លូវ២១៧ ភូមិ៦ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា មុនកើតហេតុជនបង្កបានទិញ ABCចំនួនប្រាំបីកំប៉ុង អង្គុយផឹកក្បែរផ្ទះរបស់ខ្លួនតែម្នាក់ឯង ក្រោយពីផឹកអស់ជនបង្កូបនេះបានទៅយកដបទឹកសុទ្ធទៅបូបសាំងចេញពីម៉ូតូរបស់ខ្លួនម៉ាក គុបជ្រុងពណ៌ទឹកប៉ិច ពាក់ស្លាក់លេខ ភ្នំពេញ 1U 8686រួចឡើងទៅជាន់ទី៣ផ្ទះកើតហេតុ ចាក់សាំងដុតបណ្តាលឲ្យឆាបឆេះផ្តើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានរត់ខ្វែងដៃខ្វែងជើងចុះអន្តរាគមន៍ ទាន់ពេលមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងរាលដាលដល់ផ្ទះអ្នកជិតខាង។
បន្ទាប់មក ជនបង្កបានជិះម៉ូតូរត់គេចខ្លួន ហើយត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករាដេញតាមឃាត់ខ្លួនបាននៅចំណុចមុខភោជនីយដ្ឋានលីឡាយ ផ្លូវកម្ពជាក្រោម សង្កាត់មិត្តភាព ដើម្បីសាកសួរ។
បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចខណ្ឌ៧មរាកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ សសម