ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានសម្រេចព្យាយាមរត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលវត្តភ្នំឃាត់ខ្លួនបន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំដេញតាមចាប់បានម្នាក់ រីឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ រួមទាំងយកទូរស័ព្ទជនរងគ្រោះទៅជាមួយផងដែរ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចខាងលិចរង្វង់មូលវត្តភ្នំ ផ្លូវលេខ៥១កែងផ្លូវ៩៦ ភូមិទី២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ រុន ដារាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿងម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AZ.៦៤៤៥។

ចំណែកជនរងគ្រោះឈ្មោះ ញ៉េន ចាន់ម៉ានីកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ទូរសព្ទ័ដៃមួយគ្រឿងម៉ាក Huaweiពណ៌ស សុីមលេខ០៩៨ ៧៣៧ ៣៨៩(ត្រូវបានបក្ខពួកជនសង្ស័យយករត់ឡើងម៉ូតូគេចខ្លួនបាត់)។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺកម្លាំងនគរបាលជិះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុច រង្វង់មូលវត្តភ្នំ ស្រាប់តែលឺសំឡេងជនរងគ្រោះស្រែកឆោឡោថា ចោរៗ ភ្លាមនោះកម្លាំង ក៏អន្តរគមន៍ដេញចាប់បានម្នាក់ រីឯបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល រួមនឹងទូរស័ព្ទជនរងគ្រោះទៅជាមួយផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ស តារា


ចែករំលែក៖