ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ថា​ ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។

សម្តេចតេជោថ្លែងថា៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖