បុរសជាជាងសំណង់ម្នាក់លើកដែកដៃរណែងធ្វើដំបូលផ្ទះប៉ះខ្សែកាបភ្លើងឆ្លងចរន្តអគ្គីសនីផ្ទុះឆក់ឆេះខ្លោចរងរបួសធ្ងន់
ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់ ខណៈលើកដែករណែងយកធ្វើដំបូលប្រក់ផ្ទះកម្ពស់៥ម៉ែត្រមិនប្រយ័ត្នប៉ះនឹងខ្សែកាបភ្លើងរដ្ឋឆ្លងចរន្តអគ្គីសនីឆក់ឆេះខ្លោចត្រឹមចង្កេះដល់ចុងជើង រងរបួសធ្ងន់កាលម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះកំពុងសាងសង់មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ប៉ូ សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាងសំណង់ មានទីលំនៅភូមិបន្ទាន់ភ្លា សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។ ម្ចាស់ផ្ទះឈ្មោះយាយ ខុម អាយុជាង៦០ឆ្នាំ ស្នាក់នៅកើតហេតុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានឡើងទៅលើដំបូលកម្ពស់៥ម៉ែត្រ រួចឲ្យកូនជាងលើកដែកដៃរណែងប្រវែង៦ម៉ែត្រ លើកហុចពីក្រោមឲ្យគាត់នៅលើដំបូលដើម្បីយកទៅវៃដៃរណែងប្រក់ដំបូលផ្ទះ ខណៈកូនជាងហុចដែកដៃរណែងទៅឲ្យរូបគាត់លើកផុតពីដីមិនប្រយ័ត្នបណ្តាលឲ្យកន្ទុយដែកដៃរណែងនោះទៅប៉ះនឹងខ្សែកាបភ្លើងរដ្ឋ ដែលនៅក្បែរផ្ទះបង្កឲ្យឆ្លងចរន្តអគ្គីសនីឆក់ផ្ទុះឆេះខ្លោចរបកស្បែកត្រឹមចង្កេះដល់ចុងជើងរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានជាងៗ និងកម្មករធ្វើការជាមួយជួយលើកសែងមកក្រោយបាននាំគ្នាយកកប់ដីខ្សាច់ ហើយបានហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕ ជ្រោយពេជ្រ