ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង៥០នាក់អះអាងថាចាញ់បោកលោក ប៊ុន ច័ន្ចគ្រឹស្នា លើកគ្នាតវ៉ាដល់មុខក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៥០នាក់ ដែលអះអាងថាបានចាញ់បោកក្រុមហ៊ុន ប៊ុន ច័ន្ចគ្រឹស្នា ក្នុងការទិញផ្ទះល្វែងបណ្ដាល ឲ្យខាតបង់ប្រាក់ម្នាក់ៗរាប់ពាន់រាប់ម៉ឺន ដុល្លារ ហើយអត់បានផ្ទះធ្វើជាកម្មសិទ្ធិ បានសម្ដែងនូវការក្ដៅក្រហាយចំពោះ លោក ប៊ុន ច័ន្ចគ្រឹស្នា ដែលជាប្រធាន ក្រុមហ៊ុន ហើយនាំគ្នាតវ៉ាជាថ្មីម្តងទៀត នាវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅមុខស្នាក់ការក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

នៅពេលនោះគេឃើញប្រជាពលរដ្ឋបាន ស្រែកទាមទារឲ្យក្រុមហ៊ុនប៊ុន ច័ន្ចគ្រឹស្នា ដោះស្រាយជូនពួកគាត់ និងបានកាន់ដាក់ រូបថតលោក ប៊ុនច័ន្ចគ្រឹស្នា ដោយសរសេរ លើបដានោះថា “ប៊ុន ច័ន្ចគ្រឹស្នា ជាជន បោកប្រាស់”។ ប្រជាពលរដ្ឋបាននិយាយ ថា កាលពីអំឡុងដើមឆ្នាំ២០១៧កន្លងទៅ នេះ ក្រុមហ៊ុន ប៊ុន ច័ន្ចគ្រឹស្នា បានប្រកាស លក់ផ្ទះល្វែងហើយពួកគាត់បាននាំគ្នាទៅ រកទិញ ដែលពេលទៅដល់ទីតាំងដែលបាន ប្រកាសនោះពួកគាត់មិនបានឃើញមាន ផ្ទះនោះទេ ដោយទើបតែចាក់ដីរៀបចំពុះ ជាឡូត៍ប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនបានបង្ហាញ គម្រោងប្លង់ និងសំណង់ផ្ទះល្វែងឲ្យពួក គាត់មើល។

ដោយមើលទៅឃើញថា ជាក្រុមហ៊ុន ត្រឹមត្រូវនិងបានសន្យាថានឹងសាងសង់ផ្ទះជូនពួកគាត់ឲ្យហើយក្នុងរយៈពេលយ៉ាងយូរ២៤ខែប៉ុណ្ណោះទើបពួកគាត់នាំគ្នាទិញដែលក្នុងផ្ទះមួយល្វែងតម្លៃ៥ម៉ឺនដុល្លារ ហើយពេលនោះពួកគាត់ខ្លះបានបង់ផ្ដាច់ និងខ្លះបង់ប្រចាំខែជារៀងរាល់ខែមិនដែលខកខានឡើយ ដែលក្នុង១ខែៗជាង១ពាន់ ដុល្លារក៏មានដែរ ។

ប្រជាពលរដ្ឋបានបន្តទៀតថា ទីបំផុត រយៈពេលជិត១ឆ្នាំមកហើយក្រុមហ៊ុនមួយ នេះអត់មានសាងសង់ផ្ទះឲ្យចេញជារូបរាង អីទាល់តែសោះបានត្រឹមតែលើកគម្រោង រយៈពេលជិត១ឆ្នាំមកហើយ ហើយពេល សួរកាលណាក៏ឆ្លើយថាកំពុងលើកគម្រោង ដែរ។ មិនតែប៉ុណ្ណោះថែមទាំងបានគេច វេះលែងទទួលខុសត្រូវ និងបានដាក់ស្លាក លក់ដីនោះទាំងមូលតែម្ដងទើបពួកគាត់ បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ដូចជា បាន លើកគ្នាទៅកាន់ផ្ទះលោក ប៊ុន ច័ន្ចគ្រឹស្នា ដែលស្ថិតក្នុងសង្កាត់ បឹងកេងកង ខណ្ឌ ចំការមនគ្មានបានដំណោះស្រាយអីទេ។ ក្រោយមកទៀតកាលពីមុនបុណ្យភ្ជុំបិណ្ឌ ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅក្រសួងដែនដីនគរូបនីយ កម្មនិងសំណង់ដើម្បីរក ដំណោះស្រាយហើយក្រសួងបានសន្យាថានឹងដោះស្រាយជូនពួកគាត់នៅក្រោយថ្ងៃ បុណ្យភ្ជុំបិណ្ឌ ប៉ុន្តែរហូតពេលនេះជិត១ខែ ហើយនៅតែគ្មានដំណោះស្រាយទៀត ។

ប្រជាពលរដ្ឋបានបន្តទៀតថា ដោយ សារបែបនេះទើបនៅវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ពួកគាត់បាន នាំគ្នាទៅកាន់ទីតាំងក្រុមហ៊ុននេះ ដើម្បី តវ៉ានិងបាននាំគ្នារុះរើរបងព័ទ្ធទីតាំងពុះ ដីឡូត៍ខាងលើនោះចោលទៀតព្រោះតែ ក្រុមហ៊ុនបានសរសេរប្រកាសលក់ដីដែល កំពុងមានទំនាស់ខាងលើនេះ ដោយមិន ទាន់មានដំណោះស្រាយជូនពួកគាត់នៅ ឡើយ។ ពួកគាត់កើតទុក្ខមិនសុខចិត្តដាច់ ខាតដោយសន្យាបន្តលើកគ្នាទៅកាន់ ក្រសួងដែនដីនគរូបនីយកម្ម ដើម្បីសុំពន្លឿន ការដោះស្រាយពីក្រសួងមួយនេះទៀត។

ទាក់ទិនការតវ៉ារបស់ប្រជាពលរដ្ឋជាង ៥០នាក់ខាងលើនេះ ភ្នាក់ងារកាសែត នគរវត្ត មិនអាចសុំការបំភ្លឺពីប្រធានក្រុម ហ៊ុនប៊ុន ច័ន្ចគ្រឹស្នា បានឡើយកាលពីថ្ងៃ ម្សិលមិញនេះ ៕ ប្រាថ្នា


ចែករំលែក៖