ព័ត៌មានទាន់ហេតុការណ៍៖

ទាញកាំបិតកាប់បងបង្កើតខ្ទេចជើងព្រោះរឿងប្រើឲ្យដាំបាយ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ដែលគេ អះអាងថា មានសតិមិនគ្រប់ជាង១០ឆ្នាំមក ហើយបានទាញកាំបិតខ្វែវដេញកាប់បងប្រុសបង្កើតដោយសារប្រើឲ្យទៅដាំបាយ និងជួយធ្វើការងារបណ្តាលឲ្យរងរបួស ធ្ងន់។ ករណីនេះបានកើតឡើងកាលពីថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥និង ៣០នាទី ស្ថិតក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។

អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជា វណ្ណី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិ សំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុត្រូវជាបងបង្កើតជនសង្ស័យ (រងរបួសស្មងជើងឆ្វេង)។ ចំណែកជន សង្យ័យឈ្មោះ ជា រតនា ហៅប៉ូឡូ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិត មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យជាមនុស្សវិកលចរិត អស់រយៈពេលជាង១០ឆ្នាំមកហើយៗ សព្វថ្ងៃរស់នៅជាមួយឪពុកម្តាយ។ នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានមកលេងម្តាយ។ ខណៈនោះ ជនរងគ្រោះឃើញប្អូនប្រុស(ជនសង្ស័យ) កំពុងដេកលើអង្រឹង ក៏និយាយលេងសើចថា «ថ្មើរហ្នឹងហើយ ម្តេចអត់ទៅដាំបាយដាំទឹក?»។ ពេលនោះ ជនសង្ស័យមានចិត្តខឹងក៏ស្ទុះទៅទាញ កាំបិតខ្វែវពីក្រោមគ្រែដេញកាប់ជនរងគ្រោះតែម្តង។ ឃើញដូច្នេះជនរងគ្រោះ បានរត់ឡើងទៅផ្លូវថ្នល់ក៏ដួល ហើយជនសង្ស័យបានកាប់ត្រូវចំស្មងជើងខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះជនរង គ្រោះចាប់បានកាំបិតខ្វែវ ហើយស្រែកឲ្យ គេជួយ ទើបអ្នកជិតខាងចូលទៅចាប់ជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកតា មាក់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួសនៅ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ ៕ ស្អាងជ័យ


ចែករំលែក៖