ខេត្តកំពង់ស្ពឺ៖ ២នាក់ប្តីប្រពន្ធខណៈដើរត្រឡប់មកពីសុីឈ្នួលគាស់គល់ព្រិចត្រូវ រន្ទះបាញ់ប្រពន្ធស្លាប់មួយរំពេច គ្រាដែលមេឃរកភ្លៀងតែប្តីមិនរងរបួសនោះទេ។ ករណីគ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៧ នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹង ថា ស្រ្តីរងគ្រោះឈ្មោះ អ៊ុក រ៉ែន អាយុ៥០ ឆ្នាំ មានប្តីឈ្មោះ ហ៊ុង ទ្រឹង អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្មៅ ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិឃុំកើតហេតុដើម្បីសុីឈ្នួលគាស់គល់ព្រិចឲ្យគេ ។
ប្រភពបានឲ្យដឹងទៀតថា ជនរងគ្រោះ ត្រូវរន្ទះបាញ់ស្លាប់ គ្រាដែលដើរពីកន្លែងគាស់គល់ព្រិចមកដល់ខាងលិចផ្ទះប្រហែលជាង២០ម៉ែត្រ។ នៅពេលរន្ទះបាញ់នោះស្រ្តីរងគ្រោះដើរខាងមុខឯប្តីដើរខាងក្រោយមិនត្រូវបានរងគ្រោះថ្នាក់នោះទេ ។
អ្នកភូមិបាននិយាយថា រន្ទះដែលបាញ់ស្ត្រីរងគ្រោះគឺជារន្ទះភ្លើងព្រោះនៅលើដងខ្លួនស្រ្តីរងគ្រោះមានស្នាមឆេះនិងរោលខ្មៅដូចជាផ្សែង ។
សាកសពស្រ្តីរងគ្រោះត្រូវបានប្តីដឹក បញ្ជូនទៅស្រុកកំណើតបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យរួចដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ