ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេងនិងមន្ដ្រីជំនាញក្រោមឱវាទបន្ដចុះពិនិត្យពន្លឿនការស្ដារប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៤បញ្ជៀសការលិចលង់មុខសាលាក្តីខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញពាក់ព័ន្ធក្រោមឱវាទ បានបន្ដចុះពិនិត្យពន្លឿនការស្ដារប្រឡាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីបញ្ជៀស ការលិចលង់ នៅតំបន់កំបូល និងសាលាក្ដីខ្មែរក្រហម ក្នុងសង្កាត់កន្ទោក និងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ដោយសារតំបន់នេះនៅរដូវវស្សាតែងតែលិចលង់ដោយសារទឹកភ្លៀងរៀងរាល់ឆ្នាំ។

ខណៈចុះពិនិត្យដោយផ្ទាល់ការកាយប្រឡាយអមបណ្ដោយផ្លូវជាតិលេខ៤ពីកែងផ្លូវអូដឹម ពីទំនប់ កប់ស្រូវរហូតដល់មុខសាលាក្ដីខ្មែរក្រហម កាលពីរសៀលថ្ងៃទី១១ តុលា ឆ្នាំ២០១៧ លោកឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជំរុញការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ៤នេះឲ្យបានលឿន ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំខាងលើពិសេសមុខសាលាក្ដីខ្មែរក្រហម ឲ្យឆាប់គឺត្រូវ បន្ដការស្ដារ ប្រឡាយនេះទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទឹកនៅតំបន់នេះឆាប់ស្រក ជួយរំដោះសម្រួលចរាចរណ៏ នៅតំបន់នេះបានល្អប្រសើរឡើង ។

ក្នុងនោះលោកអភិបាលរាជធានី ក៏បានដាក់បញ្ជាឲ្យលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៏សែនជ័យ ត្រូវតែកាយផ្ដាច់ស្ពានឈើសង់កាត់លើប្រឡាយអមផ្លូវជាតិលេខ៤ មុខផ្ទះប្រជា ពលរដ្ឋចោលនិងកាយយកសំរាមចេញពីក្នុងប្រឡាយបើកមុខទឹកឲ្យហូរបានលឿន។

ជាការឆ្លើយតបលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យថា ៖ លោកនឹងសហការជាមួយមន្ទីរជំនាញបន្តការកាយស្ដារប្រឡាយនេះតាមការណែនាំរបស់លោកអភិបាលរាជធានី។

ជាមួយគ្នានោះដែរលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី បានបញ្ជាក់ថា ៖រយះពេល២ថ្ងៃកន្លងមកបានដាក់គ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន៤គ្រឿង រថយន្តដឹកចំនួន៣គ្រឿង ជីកស្តារប្រឡាយទួលពង្រ និងប្រឡាយព្រែកហា គិតត្រឹមម៉ោងជិត៦ល្ងាចកាលពីថ្ងៃទី១១ ខែតុលា ស្ថានភាពទឹកលិចនៅតំបន់ភូមិសាស្ត្រភូមិព្រៃល្វា ភូមិត្រពាំងរំចេក ភូមិទួលពង្រ ភូមិត្រពាំងថ្លឹង ភូមិព្រៃសណ្តែក ភូមិក្រាំងដូនទៃ ភូមិកាប់គង ក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទឹកបានស្រកពី០.២ម៉ែត្រទៅ០.៤ ម៉ែត្រ និងកំពុងបន្តស្រកទៀតផងដែរ ។

លោកបន្តថា៖ នៅល្ងាចថ្ងៃទី១១ តុលានេះ ទឹកបានស្រក នៅចំណុចខាងលើកន្លែងខ្លះ៣តឹក និងកន្លែងខ្លះ៤តឹក ធ្វើឲ្យទឹកលិចនៅតំបន់ផ្លូវជាតិលេខ៤ និងមុខសាលាក្ដីខ្មែរក្រហម ក៏ប៉ុន្តែកាលពីយប់ថ្ងៃទី១០ ខែតុលានេះ ដោយភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យជំនន់ទឹកភ្លៀង នៅខេត្តកំពង់ស្ពឺឡើងខ្លាំងធ្វើឲ្យទឹកនៅស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រភ្នំពេញ ក៏ឡើងដល់កំពស់៨តឹក ធ្វើឲ្យទឹកលិចនៅផ្លូវជាតិលេខ៤ និងមុខសាលាក្ដីខ្មែរក្រហមឡើងវិញ នៅព្រឹកថ្ងៃទី១១ ខែតុលា តែមកដល់ល្ងាចថ្ងៃទី១១ខែតុលាដដែលនេះទឹកបានស្រកវិញច្រើនជាងមុនដោយសារកាយប្រឡាយទួលពង្រផងនិងប្រឡាយអមផ្លូវជាតិលេខ៤ផងនោះ ៕ សំរិត


ចែករំលែក៖