តុលាការកូរ៉េខាងត្បូងកាលពីថ្ងៃទី១៣ ខែតុលាបានប្រកាសពន្យារពេលឃុំខ្លួន អតីត ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye ដែលតុលាការកាត់ទោសពាក់ព័ន្ធនឹងអំពើពុករលួយ ហើយត្រូវដក ហូតតំណែង និងចាប់ឃុំខ្លួនកាលពីខែមីនា ឆ្នាំ២០១៧។
តុលាការទីក្រុងសេអូ៊ល កូរ៉េខាងត្បូង បានប្រកាសពន្យារពេលឃុំខ្លួនលោកស្រីផាក បន្ថែម៦ខែទៀត ក្រោយពេលច្បាប់ឃុំខ្លួនត្រូវផុតកំណត់នៅសប្តាហ៍ក្រោយនេះ។ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានបញ្ជាក់ថា លោកស្រីផាក ត្រូវឃុំខ្លួនរហូតដល់ ពេលតុលាការសម្រេចក្តីចុងក្រោយ ។ តុលាការមិនអនុញ្ញាតឲ្យលោកស្រីនៅក្រៅឃុំឡើយខ្លាចលោកស្រី បំផ្លាញភស្តុ តាង។
សូមបញ្ជាក់ផងដែរថា ការប្រកាស សាលក្រម ចុងក្រោយទៅលើរឿងក្តីរបស់ លោកស្រី នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ។ លោកស្រីផាក ត្រូវប្រឈមនឹងការជាប់ឃុំ ជាច្រើនឆ្នាំពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកស្រីបានឃុបឃិតជាមួយ មិត្តភក្តិ កេងប្រាក់រាប់សិបលានដុល្លារពីក្រុមហ៊ុន ធំៗ នៅក្នុងប្រទេស។
រឿងអាស្រូវខាងលើ បានធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវកាត់ទោស ក្នុងនោះមាន អតីតរដ្ឋមន្ត្រីជាច្រើនរូបផងដែរ និងទី ប្រឹក្សារបស់ អតីតប្រធានាធិបតី រួមទាំង ប្រធានក្រុមហ៊ុន Samsung លោកLee Jae Yong ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពីបទសូក ប៉ាន់ដល់ប្រធានាធិបតី ដើម្បីទទួលបានផលប្រយោជន៍នៅលើមុខជំនួញរបស់ខ្លួន។
លោកស្រីផាក ត្រូវបានចាប់ឃុំខ្លួន កាលពីខែមីនាឆ្នាំ២០១៧ គឺក្រោយរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដែលតុលាការធម្មនុញ្ញបាន ដកហូតតំណែងប្រធានាធិបតីពីលោកស្រី។
ហេតុការណ៍ខាងលើកើតឡើងក្រោយ ពេលដែល ពលរដ្ឋរាប់លាននាក់បង្ហាញ អារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ដោយការ ដង្ហែក្បួនបាតុកម្មទាមទារឲ្យ លោកស្រីចុះ ចេញពីតំណែង៕ ម៉ែវ សាធី