ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែប្រឆាំងនឹងកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដោយលោកធ្លាប់បានចាត់ទុកកិច្ច ព្រមព្រៀងនោះគឺជាសោកនាដកម្មទៀត ផង ។ លោកត្រាំធ្លាប់បានប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងខាងលើ ឬ ពិភាក្សាជាថ្មីឡើងវិញ ទៅលើលក្ខខណ្ឌ មួយចំនួននៅក្នុងកិច្ចព្រមព្រៀង។
នៅថ្ងៃទី១៥ ខែតុលានេះ លោកត្រាំនឹងចេញសេចក្តីសម្រេចចុងក្រោយពាក់ព័ន្ធ នឹងកិច្ចព្រមព្រៀងបរមាណូរបស់អីុរ៉ង់ ដោយលោកអាចបញ្ជាក់ថាអីុរ៉ង់ បាន គោរព កិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៥ ដែរឬទេ?
គម្រោងលុបចោលកិច្ចព្រមព្រៀង របស់លោកត្រាំត្រូវបានប្រទេសជាមិត្ត ពិសេស គឺប្រទេស ទាំង៥ដែលបានចុះកិច្ចព្រម ព្រៀងជាមួយអីុរ៉ង់ បង្ហាញការជំទាស់នៅ នឹងសកម្មភាពរបស់លោកត្រាំ។ បើលោក ត្រាំលុបចោលនោះវា មិនមែនជាវិធីសាស្រ្ត ល្អនោះឡើយ គឺជាការចងគំនុំរបស់ អាមេរិក។
លោកដូណាល់ ត្រាំស្អប់គុំកួនអុីរ៉ង់ ប៉ុន្តែលោកមិនដល់ថ្នាក់ប្រកាសដោយខ្លួន ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដូចដែលលោកបានធ្វើទៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ឬកិច្ចព្រមព្រៀងនៃការដោះដូរអន្តរប៉ាស៊ីហ្វិកកន្លងមកនោះទេ។ ទោះមិនដកអាមេ រិកចេញពីកិច្ចព្រមព្រៀង ប៉ុន្តែលោក ដូណាល់ ត្រាំ អាចសម្លាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរដោយប្រយោល។ កាលពីថ្ងៃ សុក្រ លោកបាចបញ្ជាក់ ទៅសភាអាមេ រិកថា អុីរ៉ង់រំលោភមិនអនុវត្តកិច្ចព្រម ព្រៀង។ ការបញ្ជាក់តែប៉ុណ្ណេះ នឹងបើកភ្លើងខៀវឲ្យសភាអាមេរិកមានពេល៦០ថ្ងៃ ពិចារណា និងសម្រេចថា តើត្រូវដាក់ឡើង វិញ ទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកបាន ដកចេញមក នៅក្រោយកិច្ចព្រមព្រៀង ដែរឬទេ។
បើសិនសភា ត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអុីរ៉ង់ នោះមានន័យ ថា អាមេរិកមិនបានអនុវត្តតាមកិច្ចព្រម ព្រៀងអុីរ៉ង់ឡើយ គឺមានន័យស្មើនឹងការ សម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់យ៉ាងដូច្នេះឯង។
នៅពេលនេះ លោកដូណាល់ ត្រាំ នឹងត្រូវបញ្ជាក់ទៅសភា ថា តើអុីរ៉ង់បានគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែរឬទេ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកស្ថិតនៅក្រោមការតាមដានយ៉ាងកៀកកិតពី មជ្ឈដ្ឋានក្នុងស្រុក និងសហគមន៍អន្តរជាតិ ជាពិសេសអុីរ៉ង់ដែលជាភាគីហត្ថលេខី។ សភាអាមេរិកនឹងមានពេល ៦០ថ្ងៃ ដើម្បី សម្រេចថា តើនឹងដាក់ឡើងវិញ ទណ្ឌកម្ម សេដ្ឋកិច្ច លើអុីរ៉ង់ ដែលអាមេរិកបានដក ផ្អាក នៅក្រោយកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់ កាលពីឆ្នាំ២០១៥ ដែរ ឬយ៉ាងណា។
នៅយប់ថ្ងៃសុក្រ បើសិនគ្មានអព្ភូតហេតុ អ្វីកើតឡើងទេ លោកដូណាល់ ត្រាំ នឹង ប្រកាសបញ្ជាក់ទៅសភាថា អុីរ៉ង់មិនបានគោរពធ្វើតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើយ។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើ របស់ លោកត្រាំប្រទេសជាជាមិត្ត បារាំង អង់គ្លេស និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងដែលកំពុងបញ្ជូនក្រុមហ៊ុន វិនិយោគទៅអុីរ៉ង់ នៅក្រោយរកឃើញកិច្ច ព្រមព្រៀង នៅឆ្នាំ ២០១៥ បានអំពាវនាវ ម្តងហើយ ម្តងទៀតកុំឲ្យលោកដូណាល់ ត្រាំ សើរើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ នៅក្នុងរឿងចោទអុីរ៉ង់ ថាបានរំលោភកិច្ច ព្រមព្រៀង លោកដូណាល់ ត្រាំ នៅឯកោ គ្មានអ្នកគាំទ្រ មិនថា ក្នុងស្រុក ឬពីប្រទេសសម្ពន្ធមិតុ្ត លើកលែងតែអុីស្រាអែល។ នៅក្នុងស្រុក រដ្ឋមន្រ្តីការពារជាតិរបស់លោកផ្ទាល់ គឺលោក James Mattis ធ្លាប់បានអះ អាង រួចហើយទៅគណៈកម្មការការពារ ជាតិសភា ពីសារសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ សម្រាប់សន្តិសុខជាតិ អាមេរិក។ នេះមានន័យថា លោកមិនចង់ឲ្យកិច្ចព្រមព្រៀងត្រូវរលាយសូន្យទៅវិញនោះទេ។ បារាំង អង់គ្លេស ចិន និងរុស្ស៊ី បានអះអាងថា គេនៅតែផ្តល់តម្លៃ និងជឿ ថា អុីរ៉ង់មិនបានរំលោភកិច្ចព្រមព្រៀងនោះឡើយ។ នេះបញ្ជាក់ថា ប្រទេសហត្ថ លេខី នៅតែរក្សាគោរពកិច្ចព្រមព្រៀង ទោះបីជាអាមេរិកចង់ដកខ្លួនក៏ដោយ។
លោកដូណាល់ ត្រាំបាននិយាយរិះគន់ តាំងពីយូរយារណាស់មកហើយថា កិច្ច ព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ អាក្រក់ បំផុត ដែលលោកមិនធ្លាប់ឃើញមានពីមុនមក។ តាំងពីចូលកាន់តំណែង ជាប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំធ្លាប់បានផ្តល់ចម្លើយទៅសភាអាមេរិកពីរលើករួចហើយថា អុីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះជាមួយមហាអំណាចរួមទាំងអាមេរិក នៅឆ្នាំ ២០១៥។
ប៉ុន្តែលោកដូណាល់ ត្រាំ ដែលបាន បរិហាររិះគន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ជាថ្មីម្តងទៀត នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិនាពេលកន្លងទៅ ទំនង ជានឹងមិនបញ្ជាក់ទៅសភាទៀតទេថា អុីរ៉ង់ គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ទីភ្នាក់ងារបរមាណូអន្តរជាតិ AIEA បញ្ជាក់ថា អុីរ៉ង់គោរពតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប៉ុន្តែ លោកដូណាល់ ត្រាំ យល់ ឃើញផ្ទុយពីនេះ។
លោកដូណាល់ ត្រាំ បំផ្លាញចោលឲ្យ អស់នូវកិច្ចខំប្រឹងប្រែងទាំងអម្បាលម៉ាន របស់លោកអូបាម៉ា ព្រោះតែលោកចង់ បង្ហាញថា លោកមានជំហរថ្មី ខុសពីប្រធា នាធិបតីអាណត្តិមុន។ លោកដូណាល់ ត្រាំ ចង់បំផ្លាញចោល ច្បាប់សុខភាពអូបាម៉ា។ លោកបានដកអាមេរិកចេញពីកិច្ចព្រម ព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ ហើយនិងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងបានដកអាមេរិកចេញពីអង្គការយូណេស្កូ កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែតុលា ឆ្នាំ២០១៧។
ក្នុងកែវភ្នែករបស់លោកដូណាល់ត្រាំ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ធ្វើឲ្យអាមេរិកខាតប្រយោជន៍ច្រើនណាស់។ ផ្ទុយទៅវិញ ដោយរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច ពីសហ គមន៍អន្តរជាតិ ទៅតាមកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរ អុីរ៉ង់ ចំណេញប្រយោជន៍សេដ្ឋ កិច្ចច្រើន រាប់ពាន់លានដុល្លារ។ លោកជឿ ថា អុីរ៉ង់បានយកប្រាក់ចំណូល បានមក ពីការលក់ប្រេង ដើម្បី ទៅពង្រឹងកម្លាំង យោធា បង្កអសន្តិសុខ អុកឡុក នៅតំបន់ មជ្ឈិមបូព៌ា ដូចជាបញ្ជូនទ័ពទៅស៊ីរី យេមែន ដែលជាការគំរាមកំហែងដល់អុីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីតដែលជាសម្ពន្ធមិត្តរបស់អាមេរិក។ ជាងនេះទៅទៀត លោក ដូណាល់ ត្រាំមានការច្រណែនខ្លាំងណាស់ នឹងប្រទេសមហាអំណាចនៅអឺរ៉ុប ដែលបានចាប់ទទួលផ្លែផ្កាសេដ្ឋកិច្ច នៅក្រោយ អុីរ៉ង់រួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍ អន្តរជាតិ៕ ម៉ែវ សាធី