ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន១០នាក់ក្នុងហេតុការណ៍លិចនាវាដឹកទំនិញនៅហ្វុីលីពីន

ចែករំលែក៖

នាវាដឹកទំនិញមួយគ្រឿងរបស់កោះ ហុងកុងបានជួបគ្រោះថ្នាក់លិចនៅក្នុង តំបន់សមុទ្រហ្វុីលីពីន បណ្តាលឲ្យនាវិក ១០នាក់បាត់ខ្លួននិង ១៦នាក់ទៀត ជួយ សង្គ្រោះទាន់ពេលវេលា។

កម្លាំងទាហានការពារដែនសមុទ្រជប៉ុន បានឲ្យដឹងថា នាវាដឹកទំនិញ ដែលបាន ចុះបញ្ជីនៅហុងកុង បានលិចនៅឆ្នេរ សមុទ្រ ហ្វុីលីពីន ដោយបានបណ្តាល ឲ្យនាវិកចំនួន ១០នាក់បាត់ខ្លួន។ យោង តាមសារព័ត៌មាន Philstar ចេញផ្សាយនៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹង ដោយផ្អែក តាមការលើកឡើងរបស់ឆ្មាំឆ្នេរសមុទ្រជប៉ុនថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ ហើយកប៉ាល់ ដែលលិចឈ្មោះ Emerald Star ទម្ងន់ ៣៣.២០៥តោន លិចក្នុងចម្ងាយប្រមាណ ២៨០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ភាគខាង កើតរបស់ប្រទេសហ្វុីលីពីន និងមាននាវិក ២៦នាក់ ជាជនជាតិឥណ្ឌាស្ថិតនៅក្នុង កប៉ាល់នោះដែរ។

ឆ្មាំកម្លាំងទាហានជើងទឹកជប៉ុន បាន និយាយថា កប៉ាល់ដឹកទំនិញ ដែលធ្វើ ដំណើរតាមផ្លូវទឹកនោះចំនួន ៣គ្រឿង បានជួយសង្គ្រោះ នាវិកបាន ១៦នាក់ពី សមុទ្រ ចំណែកកប៉ាល់ដឹកទំនិញទី៤ ក៏បានចូលរួមក្នុងការស្រាវជ្រាវ អ្នកបាត់ ខ្លួន នៅតំបន់ដែលនាវាហុងកុងត្រូវបានគេជឿថាបានលិច។

ក្រោយកើតហេតុ ក្រុមឆ្មាំសមុទ្របាន បញ្ជូនយន្តហោះល្បាត២គ្រឿង ដើម្បីស្វែង រកពីលើអាកាស ខណៈដែលទូកល្បាត ៣គ្រឿងផ្សេងទៀត នៅតែបន្តស្វែងរកអ្នកបាត់ខ្លួននៅឡើយ ខណៈព្យុះក៏កំពុង កើតឡើង នៅតំបន់នោះ។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វុីលីពីនលោក Armand Balilo បាននិយាយថា ទីភ្នាក់ងារនេះបានព្យាយាមបញ្ជូននាវា និងឧទ្ធម្ភាគ ចក្រ ដើម្បីជួយរុករកនៅតំបន់នោះដែលហួសពីដែនទឹករបស់ខ្លួន ប៉ុន្តែត្រូវបាន វិលត្រឡប់ មកវិញដោយសារទែព្យុះ៕ ម៉ែវ សាធី


ចែករំលែក៖