ក្នុងរយៈពេលជាច្រើនឆ្នាំដែលអាមេរិកនិងសម្ពន្ធមិត្តវាយប្រហារ ប្រឆាំងក្រុម ភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ប៉ុន្តែមិនបានធ្វើឲ្យក្រុមភេរវកម្មចុះខ្យោយនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យក្រុមភេរវកម្មកាន់តែកើនឡើង និងមានអាវុធទំនើបៗជាច្រើនប្រើប្រាស់ទៀតផង។ ទាំងនោះហើយ បានជា ស៊ីរីអីុរ៉ង់ និងប្រទេសមួយចំនួនទៀតបានចោទប្រកាន់អាមេរិកថាជាអ្នកគាំទ្រក្រុមភេរវកម្ម IS ។
ក្នុងពេលដែលរដ្ឋាភិបាលរុស្ស៊ីបាន សម្រេចបញ្ជូនកម្លាំងទាហាន ទៅធ្វើសង្គ្រាមជួយដល់រដ្ឋាភិបាលស៊ីរីប្រឆាំងក្រុមភេរវកម្ម បានយកឈ្នះជាបន្តបន្ទាប់ ដណ្តើមបានទីតាំងគ្រប់គ្រងពីក្រុមភេរវកម្មមកវិញ។
កម្លាំងទាហានរុស្ស៊ីដែលចូលរួមធ្វើ សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានឲ្យដឹងថា មកទល់ពេលនេះ តំបន់កាន់កាប់ ដោយ ក្រុមសកម្ម ប្រយុទ្ធISក្នុងប្រទេសស៊ីរីគឺនៅសល់តែ ប្រមាណជា៨ភាគរយប៉ុណ្ណោះ ខណៈ ដែលយោធារដ្ឋាភិបាលដែលគាំ ទ្រពី ក្រោយដោយរុស្សីបានរំដោះ ទីតាំង ជាច្រើននៅក្នុងប្រទេស។
ការប្រកាសអះអាងដែលត្រូវបានធ្វើឡើងដោយក្រុមយោធារបស់ ប្រទេសរុស្សីកាលពីថ្ងៃសុក្រមុននេះបានបន្តទៀតថា ផ្ទៃដីសរុបដែល មានទំហំ៥.៨៤១គីឡូម៉ែត្រការ៉េនឹងត្រូវជា១៤២ទីតាំងរបស់ ក្រុមIS ត្រូវបានរំដោះគិត នៅក្នុងខែកញ្ញា។
នៅក្នុងសេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ទៀតថា នៅភាគកណ្តាល នៃប្រទេសស៊ីរីវិញទាហានរដ្ឋាភិបាល បានវាយប្រហារ រំដោះនិងបោសសម្អាត បានទាំងស្រុងនូវវត្តមានរបស់ ក្រុមសកម្មប្រយុទ្ធISតាមរយៈការគាំទ្រ ពីក្រោយ ដោយការវាយប្រហារ តាមអាកាសពី សំណាក់ ប្រទេសរុស្សី។
សង្គ្រាមវាយប្រហារភេរវកម្មនៅក្នុង ប្រទេសស៊ីរី ខ្លាំងបំផុត គឺនៅខែកញ្ញាកន្លង មក ដោយនៅក្នុងខែនោះក៏មានអ្នកស្លាប់ច្រើនផងដែរ ទាំងជនស៊ីវិល ក្រុមភេរវកម្ម និងទាហានរដ្ឋាភិបាល។ តាមសេចក្តី ប្រកាសរបស់អង្គការសង្កេតការណ៍សិទ្ធិ មនុស្សស៊ីរី (OSDH) បានឲ្យដឹងថា
មានមនុស្សយ៉ាងហោចណាស់ ៣ពាន់ នាក់ ក្នុងនោះមាន៩៩៥នាក់ជាជនស៊ីវិល ត្រូវបានស្លាប់ នៅក្នុងខែកញ្ញា ២០១៧នេះ នៅស៊ីរី ពោលគឺជាខែដែលមានចំនួន មនុស្សស្លាប់ច្រើនជាងគេបំផុត គិតចាប់ ពីដើមឆ្នាំមក។
ជាង៧០%នៃជនរងគ្រោះស៊ីវិល ត្រូវបានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលស៊ីរី ឬទ័ពរុស្ស៊ី ឬរបស់សម្ពន្ធមិត្តអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិក ដែលប្រតិបត្តិការរបស់គេធ្វើឡើងក្នុងក្របខ័ណ្ឌជួយបើកផ្លូវឱ្យកងកម្លាំងថ្មើរជើងវាយសម្រុកចូលសមរភូមិ បណ្តេញពួកជីហាដអង្គការរដ្ឋអ៊ិស្លាមនៅខេត្តDeir Ezzor។ កងទ័ពអាកាសរុស្ស៊ី ជាសម្ពន្ធមិត្ត ជួយកងទ័ពស៊ីរីនៅភាគ ខាងកើតស៊ីរី ឯយន្តហោះសម្ពន្ធមិត្តអន្តរ ជាតិ ផ្តល់ជំនួយដល់កងយុទ្ធជនគួដឌីស្ថាននិងអារ៉ាប់ នៅភាគខាងជើងប្រទេសស៊ីរី ផង និងនៅខាងខេត្តDeir Ezzor ផងដែរ។
តុល្យការមរណៈកាន់តែឡើងខ្ពស់ខ្លាំងនេះ ក៏បណ្តាលមកពីកងទ័ពអាកាសរុស្ស៊ីនិងសម្ពន្ធមិត្តអន្តរជាតិ បានបង្កើនប្រតិ បត្តិការ និងបរិមាណនៃការវាយប្រហារលើបន្ទាយរបស់ពួកអង្គការរដ្ឋអ៊ិស្លាម នៅភាគ ខាងជើងនិងខាងកើតផង និងការសម្រុក វាយប្រហារកាន់តែខ្លាំងលើតំបន់កាន់កាប់ដោយពួកឧទ្ទាមស៊ីរី ពីសំណាក់កងទ័ព អាកាសរុស្ស៊ីនិងកងទ័ពអាកាសរបស់រដ្ឋាភិបាលក្រុងដាម៉ាស់។
ទាក់ទងនឹងចំនួនមនុស្សស្លាប់វិញ ក្នុងជនរងគ្រោះស៊ីវិលទាំង៩៩៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងខែកញ្ញាកន្លងទៅនេះ មាន២០៧នាក់ជាកុមារ។ នេះបើតាមរបាយការណ៍អង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីដដែលដែលមានបណ្តាញផ្តល់ព័ត៌មាននៅពេញផ្ទៃប្រទេស។ ដោយឡែកបើតាមអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅ អង់គ្លេស មានពួកទាហានជីហាដនៃអង្គការរដ្ឋអ៊ិស្លាម និងអង្គការភេរវកម្មស្និទ្ធនឹងអាល់កៃដា ចំនួន៧៣៨នាក់ ត្រូវបានកម្ចាត់៕ ម៉ែវ សាធី