កាលពីថ្ងៃទី១៥ ខែតុលា កម្លាំងទាហានហ្វីលីពីនបានទម្លាក់គ្រាប់បែកជាច្រើន ទៅលើទីតាំងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ហើយរដ្ឋាភិបាលបានបញ្ជាក់ថាសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។
សារព័ត៌មាន AFP បានផ្សាយថា កម្លាំងទាហានហ្វីលីពីនបានប្រើប្រាស់យន្តហោះ FA-50 ហោះហើរនៅលើអាកាសទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី១៥ ខែតុលា ។ ក្នុងពេលជាមួយគ្នានោះកម្លាំងទាហានថ្មើជើង បានបើកការវាយលុកចូលទៅកាន់ទីតាំង ដែលក្រុមភេរវកម្មគ្រប់គ្រោង។
លោក Romeo Brawner មេបញ្ជាការកងទ័ព កម្លាំងទាហានប្រឆាំងភេរវកម្ម បានឲ្យដឹងថា «យើងសង្ឃឹមថា សង្គ្រាមនឹងត្រូវបញ្ចប់ឆាប់ៗនេះ ក្នុងទីក្រុងម៉ារ៉ាវី»។ កន្លងមក កម្លាំងទាហាន ហ្វីលីពីនបានកំណត់គោលដៅរំដោះទីក្រុងនេះ នៅថ្ងៃទី១៥ ខែតុលា ប៉ុន្តែអ្វីគ្រប់យ៉ាងបានប្រែប្រួល ទាហានហ្វីលីពីនមិនអាចរំដោះទីក្រុងខាងលើ ដូចជាសន្យាឡើយ។
លោក Omeo Brawner បញ្ជាក់ទៀតថា ក្រុមភេរវកម្មប្រមាណ៤០នាក់ កំពុងតែលាក់ខ្លួននៅក្នុងក្រុងមារ៉ាវី ក្នុងចំណោមនោះ មានទាំងមេភេរវករ Isnilon Hapilonដែលអាមេរិកផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ៥លានដុល្លារ ស្វែងរកចាប់ខ្លួនបុគ្គលរូបនេះ។ ក្រៅពីនេះនៅមានលោក Omar Khayam Maute ដែលជាមេដឹកនាំរបស់ក្រុមភេរវកម្មMaute នៅក្នុងប្រទេសហ្វីលីពីន។ ក្រៅពីនេះ នៅមានពលរដ្ឋប្រមាណជាង១០០នាក់កំពុងរស់នៅតំបន់សមរភូមិ។ ស្ត្រី និងកុមារត្រូវបានបង្ខំចូលរួមធ្វើសង្គ្រាមប្រឆាំងទាហានរដ្ឋាភិបាល។
សង្គ្រាមនៅទីក្រុងម៉ារ៉ាវី ដែលជាទីក្រុមានអ្នកកាន់សាសនាអិស្លាមច្រើនស្ថិតនៅតំបនភាគខាងត្បូងប្រទេសហ្វីលីពីន បានចាប់ផ្តើមផ្ទុះឡើង តាំងពីថ្ងៃទី២៣ ខែឧសភា។ ក្រុមភេរវកម្មមៅតេ ធ្លាប់ស្បថស្មោះត្រង់ជាមួយក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ដោយវាយប្រហារដណ្តើមគ្រប់គ្រងបណ្តាកោះនៅភាគខាងត្បូងប្រទេសនេះ។
ការវាយប្រហារតាមដែនអាកាស ជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃ តែកម្លាំងទាហានហ្វីលីពីន នៅតែមិនទាន់អាចបោសសម្អាតក្រុមនេះទាំងអស់នៅឡើយ។ លទ្ធផល គឺមានមនុស្សជាង១ពាន់នាក់ស្លាប់ ក្នុងនោះមានទាហានក្រុមភេរវកម្ម៨២២នាក់ ទាហានហ្វីលីពីន១៦២នាក់ និងពលរដ្ឋ៤៧នាក់៕ ម៉ែវ សាធី