ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រយីហោ អេស ធី សុី កុំព្យូទ័រ បុរស៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរស៤នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្សែងភ្លើងឆាបឆេះខ្មួលខ្មាញ់នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិចនិងកុំព្យូទ័រយីហោ អេស ធី សុី កុំព្យូទ័រ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្តះលេខ3B ផ្លូវលេខ៧០ ជិតផ្សារទួលសង្កែ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៤នាក់គឺជាម្ចាស់ហាងនិងបុគ្គលិកដែលកំពុងតែសម្រាកនៅខាងក្នុងហាងជាន់ខាងលើដោយចាក់សោខាងក្នុង ហើយដោយភ្លើងឆេះចេញជាផ្សែងខ្លួលខ្មាញ់ធ្វើឲ្យជនរងគ្រោះរកផ្លូវចេញមិនឃើញថប់ដង្ហើមរោលខ្លោចពេញខ្លួនស្លាប់យ៉ាងវេទនានៅក្នុងផ្សែងភ្លើង។

ជនរងគ្រោះទាំង៤នាក់ខាងលើនេះ ទី១ឈ្មោះ អ៊ុត សារៀង ភេទប្រុស អាយុ៣២ ឆ្នាំ បុគ្គលិកហាង ស្នាក់នៅ ភូមិតាប៉ូ ឃុំអូឬស្សី ស្រុក-ខេត្តក្រចេះ ។ទី២ឈ្មោះ គា ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ ទី៣ ឈ្មោះសន ទិត្យ ភេទប្រុស អាយុ២៩ឆ្នាំ ជាថៅកែហាង និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាកុមារកំព្រា អាយុប្រហែល២០ឆ្នាំ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញផ្សែងខ្មៅហុយចេញពីហាងលក់កុំព្យូទ័រ យីហោ អេស ធី សុី កុំព្យូទ័រ យ៉ាងខ្មួលខ្មាញ់ហើយក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍។

ប្រភពបានបន្តថាក្រោយពីទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងអាវុធជាច្រើននាក់និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុគាស់និងវាយបំបែកទ្វារកញ្ចក់បាញ់ទឹកពន្លត់ដើម្បីជួយអ្នកដែលជាប់នៅខាងក្នុងហាង តែដោយស្ថានភាពផ្សែងហុយខ្លាំងពេកបណ្ដាលឲ្យជនរងគ្រោះទាំង៤នាក់ ដែលជាប់នៅខាងក្នុងនោះមិនអាចទ្រាំទ្របានទើបបណ្ដាលឲ្យថប់ដង្ហើមឆេះរោលខ្លោចពេញខ្លួនស្លាប់នៅក្នុងផ្សែងភ្លើងយ៉ាងអាណោចអាធ័មតែម្ដង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរបានបន្តថា ជនរងគ្រោះទាំង៤នាក់គឺជាម្ចាស់ហាងនិងបុគ្គលិកដែលធ្វើការនៅទីនោះហើយតែងតែសម្រាកនៅក្នុងហាងជារៀងរាល់ថ្ងៃផងដែរ។

ក្នុងករណីនេះដែរគេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកផ្ទាល់នៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គីភ័យនេះដែរគឺកម្លាំងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យសរុបចំនួន១២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២០ឡានទើបគ្រប់គ្រងរលត់ទាំងស្រុងនៅម៉ោង១២និង៣០នាទីរំលអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ចំណែកសពជនរងគ្រោះទាំង៤ ត្រូវបានយកទៅដម្កល់នៅមន្ទីរពេទ្យកាលម៉ែតដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា

 


ចែករំលែក៖