ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ បញ្ចប់វេទិកាសាធារណៈ កាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ នៅមហោស្រពចេនឡា ខណ្ឌទួលគោលថា ៖ ការផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់លោកសម រង្ស៊ី តើចង់បានន័យអ្វី ? ដូចជា លន់ នល់ សិរីមតៈ ដែលបានរួមគំនិតគ្នាផ្តួលរំលំ សម្តេច នរោត្តម សីហនុ បាននាំមកនូវវិនាសកម្ម ក្នុងរបបប៉ុល ពត បណ្តាលឲ្យសង្រ្គាមរ៉ាំរ៉ៃជាង៤ទសវត្សរ៍នៅកម្ពុជា។ យើងដឹងហើយថា សង្គ្រាមនាំមកនូវវិនាសហិនហោច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ជាពិសេសយើងត្រូវមើលប្រទេសស៊ីរី ជាឧទាហរណ៍ជាក់ស្តែង ។
លោកបន្តថា ៖ ក្រោយការផ្តួលរំលំសម្តេចសីហនុ ប្រទេសកម្ពុជាកើតសង្រ្គាម ពីឆ្នាំ៧០ ដល់៧៩ ត្រូវទទួលនូវវិនាសកម្មយ៉ាងខ្លោចផ្សា ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាយើងមានបទពិសោធន៍ពេញលេញ ដែលមិនអាចទទួលយកបាន នូវការផ្តួលរំលំតាមរបៀបក្បត់ជាតិនេះទៀតទេ។
ពាក់ព័ន្ធនឹងសំណួរថា ៖ ទៅថ្ងៃមុខគណបក្សសង្រ្គោះជាតិត្រូវរំលាយ ហើយសមាជិកបក្សប្រឆាំងបានរៀបចំធ្វើបដិវត្តន៍ពណ៌ឬក៏រៀបចំធ្វើបាតុកម្មនៅរាជធានីភ្នំពេញ តើអាជ្ញាធរនឹងរៀបចំសណ្តាប់ធ្នាប់តាមរបៀបម៉េចនោះ? លើកករណីនេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ប្រទេសខ្មែរមានច្បាប់ ហើយប្រទេសកម្ពុជាមានបូរណភាពទឹកដី មានច្បាប់របស់កម្ពុជា មានរដ្ឋធម្មនុញ្ញច្បាស់លាស់ ។ ដូច្នេះយើងត្រូវមើលច្បាប់ បើធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ មិនមែនជាប្រជាធិបតេយ្យនោះទេ ហើយប្រជាធិបតេយ្យគឺស្ថិតនៅក្នុងរង្វង់ច្បាប់ ។ លោកបញ្ជាក់ថា ប្រសិនបើធ្វើអ្វីដែលចេញពីរង្វង់ច្បាប់ គឺអនាធិបតេយ្យ នៅពេលនោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមិនអនុគ្រោះបាននោះទេចំពោះបញ្ហានេះទេ ពីព្រោះថាពួកយើងខ្ញុំ ក្នុងនាមជានីតិប្រតិបត្តិ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ ប៉ុន្តែបើប្រជាពលរដ្ឋមិនគោរពច្បាប់ យើងត្រូវណែនាំឲ្យប្រជាពលរដ្ឋគោរពច្បាប់។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងគម្រោងការរបស់បក្សប្រឆាំងដែលមានបំណងគៀរគរប្រជាពលរដ្ឋដើរតាមបក្សប្រឆាំង ក្នុងការតវ៉ាបាតុកម្មនោះ ត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសារទៅប្រជាពលរដ្ឋថា អ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម ដើម្បីទាមទារដោះលែងទណ្ឌិតនេះ ដោះលែងទណ្ឌិតនោះ សូមឲ្យអស់លោក លោកស្រីទាំងអស់ពិនិត្យឡើងវិញ ហើយមើលឲ្យបានច្បាស់អំពីច្បាប់នៅប្រទេសកម្ពុជា ថាតើអស់លោកធ្វើនេះជាសេរីភាព ក៏ការបំពានច្បាប់ ប៉ុន្តែបើការបំពានច្បាប់គឺកំពុងតែដើរផ្លូវខុសហើយ ហើយសូមវិលត្រឡប់ចូលមកផ្លូវត្រូវវិញ គឺជាការគោរពច្បាប់នៅកម្ពុជា ។ កម្ពុជា ជាប្រទេសអធិបតេយ្យ មានបូរណភាពទឹកដី ច្បាស់លាស់ មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះសូមឲ្យគោរពច្បាប់ ។ មិនអាចប្រជាជនណាម្នាក់ មិនគោរពច្បាប់បាននោះទេ៕ សំរិត