ភ្នំពេញ៖ បុរសម្នាក់បំរើការងារជាកម្មករនៅក្នុងសិប្បកម្មគោងៀតត្រូវបានថៅ កែរបស់ខ្លួនចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមបទសង្ស័យករណីលួចលុយចំនួន ៧លានរៀន ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសិប្បកម្មផលិតគោងៀត ស្ថិតនៅផ្ទះលេខ៣៥៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងសិប្បកម្មគោងៀតនេះមានឈ្មោះ ហ៊ាន យ៉េកឡាង ភេទស្រី អាយុ៤៤ឆ្នាំ។
ស្ត្រីម្ចាស់ទីតាំងសិប្បកម្មគោងៀតបានប្រាប់សមត្ថកិច្ចថា ថវិកាទាំងនេះ គឺគាត់រៀបចំទុកដាក់ដើម្បីយកទៅទិញសម្ភារ ស្រាប់តែថាទៅយកលុយ ក៏បាត់តែម្តង។
សមត្ថកិច្ចបានឲ្យដឹងដែរថា ជនសង្ស័យមានឈ្មោះ លាង លឿន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសិប្បកម្មគោងៀត។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ លុយនៅសល់៩៩០០០០រៀល(កៅសិបប្រាំបួនម៉ឺនរៀល) ម៉ូតូ១គ្រឿងម៉ាកMSX ពណ៌ស ពាក់ស្លាកលេខកណ្តាល 1W-8691ខ្សែកប្លាទីន១ខ្សែ ចិញ្ចៀនប្លាទីន១វង់ និងទូរស័ព្ទដៃ១គ្រឿង។
សូមបញ្ជាក់ថា សម្ភារដែលដកហូតទាំងនេះ គឺជាលុយដែលជនសង្ស័យយកទៅប្រើប្រាស់។
ក្រោយសាកសួរនាំ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តទៅតាមនីតិច្បាប់៕ តាឡឹម