ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចគាស់ផ្ទះប្រជាពរដ្ឋប្រមូលយកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលគាស់ផ្ទះលួចប្រមូលយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ។

ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ សែន ឈីវវៃ ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ រីឯជនរងគ្រោះឈ្មោះ សែម ចន្ធូ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មាន៖ ប្រាក់ដុល្លារ ១៦០០ដុល្លារសហរដ្ឋអាមេរិក , ប្រាក់រៀលចំនួន១លានរៀល និងកាបូបស្ពាយពណ៌ស្វាយ១ ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងយកមកវិញមាន៖ ប្រាក់ដុល្លារចំនួន ១៣៩០ដុល្លារសហរដ្ឋអាមេរិក ,ទូរស័ព្ទម៉ាក Iphone5 ០១គ្រឿង ,កាបូបស្ពាយពណ៌ស្វាយចំនួន១ និងកាបូបដៃចំនួន១ផងដែរ ។

ប្រភពដដែលបានបន្តថា តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ សែម ចន្ធូ នៅមុនពេលកើតហេតុថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៣០នាទី រូបគេជាជនគ្រោះបានយកលុយរបស់ខ្លួនដាក់ក្នុងកាបូបស្ពាយពណ៌ស្វាយ រួចយកទៅទុកក្រោមពូកក្បាលដំណេកក្នុងបន្ទប់របស់ខ្លួន ហើយចូលដេកជាធម្មតា ។ លុះភ្លឺឡើងខណៈដែលខ្លួនក្រោកពីដេកវិញ ស្រាប់បាត់លុយដែលទុកក្រោមពូកហើយជញ្ជាំងផ្ទះមានស្នាមគាស់ទៀតផង ភ្លាមនោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ចំលង ដើម្បីជួយអន្ដរាគមន៍ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានពាក្យបណ្ដឹងរបស់របស់ជនរងគ្រោះរួចហើយ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត រហូតចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ចំលង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ ដើម្បីយកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះជនរងគ្រោះឈ្មោះ សែម ចន្ធូ ប្រាកដមែន ។ កាលពីវេលាម៉ោង១និង៣០នាទីយប់ រូបគេជាជនសង្ស័យបានចូលក្នុងផ្ទះដោយឡើងតាមជញ្ជាំង រួចចូលក្នុងបន្ទប់លួចយកកាបូបទុកលុយរបស់ជនរងគ្រោះហើយបានហែកជញ្ជាំងស័ង្កសីខាងមុខរត់គេចខ្លួន ។ ក្រោយពីរូបគេជាជនសង្ស័យបានលួចលុយនោះហើយ រូបគេបានយកលុយចំនួន ១៣៩០ដុល្លារសហរដ្ឋអាមេរិក ទៅលាក់ទុកក្នុងផ្ទះរបស់ខ្លួន ដោយប្រាក់ដុល្លារចំនួន២១០ដុល្លារ និងប្រាក់រៀលប្រហែល ១លានរៀល យកទៅច្រៀងខារ៉ាអូខេ និងទិញទូរស័ព្ទម៉ាក Iphone5 ០១គ្រឿង។

ក្រោយពីសាកសួរកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ឃាត់ខ្លួនជនសង្ស័យដកហូតវត្ថុតាងដូចខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖