ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីណូរអិលថយក្រោយទៅបុករថយន្ដបាឡែនខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដធុនធំ១គ្រឿង ម៉ាកហ៊ីណូឈប់លើផ្លូវមិនប្រុងប្រយ័ត្ន បានរអិលកង់ថយក្រោយជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀត ម៉ាកកាមរី បាឡែន ដែលឈប់ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។

ករណីរនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគល់ស្ពានព្រែកទីវ (ស្ពានទី៦៦) ស្ថិតក្នុងភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា រថយន្ដដែលទទួលរងការខូចខាតម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5593 បើកបរដោយឈ្មោះ ថន រិន ដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ វិស្វករសំណង់ មានទីលំនៅភូមិព្រែកប្រសព្វកណ្ដាល ឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ។

ចំណែកឯរថយន្ដបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3 B-9610 បើកបរដោយឈ្មោះ មាស សុផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ រថយន្ដធំម៉ាកហ៊ីណូ បើកបរដោយឈ្មោះ មាស សុផល ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង (ពីជ្រៃធំទៅក្រុងតាខ្មៅ) លុះបើកមកដល់ចំណុចគល់ស្ពានទី៦៦ បានចាប់ហ្រ្វាំងឈប់ ដោយទុកឲ្យរថយន្ដផ្សេងដែលបើកច្រាស់ទិសគ្នាឆ្លងស្ពានឲ្យផុតសិន ខណៈដែលរថយន្ដបង្កឈប់នោះគឺមិនប្រុងប្រយ័ត្នទេ ក៏រអិលកង់រថយន្ដថយក្រោយជ្រុលទៅបុកថយន្ដម៉ាកកាមរីបាឡែនពេញមួយទំហឹង ដែលរថយន្ដបាឡែននោះធ្វើដំណើរស្របទិសគ្នាចតពីក្រោយរថយន្ដបង្ក បណ្ដាលឲ្យរថយន្ដបាឡែនរងការខូចខាតយ៉ាងដំណំ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ស្រុកកោះធំបានចុះអន្ដរាគមន៍ត្រួតពិនិត្យ វាស់វែងនៅកន្លែងកើតហេតុ និងកសាងឯកសារដកហូតយករថយន្ដទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចនគរបាលចរាចរណ៍សន្និដ្ឋានថា ករណីខាងលើគឺមកពីអ្នកបើកបរថយន្ដម៉ាកហ៊ីណូ ឈប់លើផ្លូវដែលមានចំណោតចោទធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ទើបបានជារអិលកង់ថយក្រោយ បណ្ដាលឲ្យបុករថយន្ដពីខាងក្រោយខូចខាតយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖