ភ្នំពេញ៖ សំឡេងសន្ទនាប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរត្រូវបានបែកធ្លាយនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ។
សំឡេងសន្ទនារវាងលោក លឺ ឡាយ ស្រេង និងលោកស្រី គី លំអង ទាំង២នាក់ជាអតីតតំណាងរាស្រ្តគណបក្សហ្វុ៊នស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទីត្រូវបានហ្វេសប៊ុកជំនាញខាងទម្លាយរឿង អាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៧ ។
នៅក្នុងឃ្លីបសំឡេងនេះលោក លឺ ឡាយស្រេង និយាយឆ្លងឆ្លើយជាមួយ លោកស្រី គី លំអង យ៉ាងដូច្នេះថា នៅថ្ងៃ នេះផេកសីហាយើងខ្ញុំបានទទួលសំឡេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ្វុ៊នស៊ីនប៉ិចកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ដោយលោក លឺ ឡាយស្រេង បានប្រើពាក្យសម្តីប្រមាថកាតទានយ៉ាង ធ្ងន់ធ្ងរបំផុតទៅលើអង្គព្រះមហាក្សត្រព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាពលរដ្ឋកម្ពុជា ។
សម្តីឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយ ស្រេង ជាមួយលោកស្រី គី លំអង បានលើក ឡើងពីផែនការដែលនឹងមានមន្ត្រីមួយ ចំនួនចង់ទៅចូលគាល់ព្រះមហាក្សត្រ ក្រោមលេសដែលគេបាននិយាយថា ដើម្បី បន្ថយកំដៅនយោបាយ ហើយទំនងជាចង់សុំការសម្រេចព្រះទ័យពីព្រះមហាក្សត្រឲ្យធ្វើអ្វីមួយតាមគោលបំណងរបស់ពួកគេ ប៉ុន្តែលោកស្រី គី លំអង គិតថា ប្រហែល ព្រះមហាក្សត្រមិនហ៊ានទេ។ នេះបើតាមសំឡេងឆ្លើយឆ្លងរបស់លោកស្រី គី លំអង ក្នុងនោះមានទាំងបញ្ចេញឈ្មោះលោក ឡៅ ម៉ុងហៃ ក៏នឹងត្រូវចូលព្រះបរមរាជវាំងគាល់ព្រះករុណាផងដែរ។ ប៉ុន្តែលោក លឺ ឡាយស្រេង បានឆ្លើយតបទៅលោកស្រី គី លំអង វិញដោយប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រថា «បើមិនហ៊ាន ទេឲ្យដាក់រាជ្យទៅឲ្យគេទៅធ្វើម្តងវិញមាន់ក្រៀវអ៊ីចឹងនោះ»។ បន្ទាប់ពីឮពាក្យនេះ លោកស្រី គី លំអង បានសរសើរលោក លឺ ឡាយស្រេងថា «ក្នុងចំណោមហ្វុ៊នស៊ិនប៉ិច ចាស់ៗមានតែបងឯងទេដែលហ៊ានងើប នោះ» ។
ក្នុងការសន្ទនាគ្នានោះដែរអ្នកទាំង២ក៏បានប្រើពាក្យវាយប្រហារទៅលើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ្វុ៊នស៊ិនប៉ិចបច្ចុប្បន្នដោយពាក្យអសុរោះ មួយចំនួនដូចជាប្រើសម្តីថា «អាស្តេចចោល ម្សៀតមួយនេះយ៉ាប់មែនទែន… ថោកទាប ណាស់! អានេះបន្តុះបង្អាប់រាជវង្សជាដើម»។ លោកស្រី គី លំអង បានបន្ទរថា «ត្រូវ ហើយបង្អាប់ព្រះករុណាទៀត»។ លោក លឺ ឡាយស្រេង ថែមទាំងបានបន្តប្រមាថ ព្រះមហាក្សត្រទៀតថា «បើអាព្រះករុណាហ្នឹងវាអាប់ស្រាប់ផងទេ…» ។
ភ្លាមៗបន្ទាប់ពីសំឡេងសន្ទនាប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរ ប្រមាថសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្ស ហ្វុ៊នស៊ិនប៉ិចលោក ញ៉េប ប៊ុនជិន បានឲ្យ ដឹងថា គណបក្សហ្វុ៊នស៊ិនប៉ិចដែលជា គណបក្សរាជានិយមនឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់រាស្រ្តខ្មែរនិងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។
អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចលោក ញ៉េប ប៊ុនជិន បានថ្លែងថា «ខ្ញុំទទួល បានព័ត៌មានរួចហើយគាត់(លឺ ឡាយស្រេង) បានប្រមាថព្រះចេស្តាព្រះករុណាហើយ គាត់ជេរទាំងសម្តេចក្រុមព្រះទៅទៀត ដូច្នេះ ខ្ញុំសូមជម្រាបជូនទី១សម្តេចក្រុមព្រះលោកបាននាំមកសន្តិភាពជូនប្រជាពលរដ្ឋឆ្នាំ ១៩៩៣ ហើយលោកមានតួនាទីមើលថែ រក្សាស្ថានភាពនយោបាយ។ ដោយឡែក គណបក្សហ្វុ៊នស៊ិនប៉ិចជាគណបក្សរាជា និយម, ជេរលោកជារឿងមួយ ប៉ុន្តែប្រមាថព្រះចេស្តាព្រះករុណាយើងតំណាងឲ្យរាជានិយម ហើយនៅក្នុងរដ្ឋធម្មនុញ្ញបានចែង ច្បាស់ទៀតមិនឲ្យប៉ះពាល់ដល់ព្រះចេស្តាព្រះនាមរបស់ព្រះករុណា។ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់យើងកំពុងប្រជុំគ្នាថ្នាក់ដឹកនាំនឹងរៀបចំពាក្យបណ្តឹងមួយហើយ យើងក៏បានទាក់ទងទៅខាងមេធាវីដើម្បី ប្តឹងលោកតា លឺ ឡាយស្រេង ដែលបាន ប្រមាថព្រះចេស្តាព្រះករុណានិងប្រមាថ សម្តេចក្រុមព្រះ ដូច្នេះយើងនឹងមានវិធាន ការភ្លាមៗ» ។
ការប្រកាសប្តឹងលោក លឺ ឡាយស្រេង ភ្លាមៗនេះធ្វើឡើងបន្ទាប់ពីសំឡេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ ខ្ពស់របស់គណបក្សហ្វុ៊នស៊ិនប៉ិចជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្ត គណបក្សហ៊្វុនស៊ិនប៉ិចដែលមានរយៈជាង៤នាទីត្រូវបានហ្វេសប៊ុកជំនាញខាងទម្លាយ រឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហាបង្ហោះកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ៕ ហេង សូរិយា