ព័ត៌មានទាន់ហេតុការណ៍៖

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមរួមនឹងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ចែកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៧៧គ្រួសារក្នុងសង្កាត់ស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយលោកស្រីដួង វណ្ណា អនុប្រធានកិត្តយសសាខា រួមដំណើរដោយលោកស្រីពៅ សុភាព ហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហម បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម រួមនឹងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោសារ ជំនន់ទឹកភ្លៀងចំនួន ៧៧ គ្រួសារ ក្នុងសង្កាត់ស្វាយរៀង មកពីភូមិវាលយន្ត ១២ គ្រួសារ ភូមិរោងបន្លែ ២៨ គ្រួសារ ភូមិមេភ្លើង ៣៥ គ្រួសារ និងក្នុងសង្កាត់សង្ឃ័រ ភូមិព្រះទន្លេ ២ គ្រួសារ ។

ក្នុងឱកាសនោះ លោកស្រីដួង វណ្ណា បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ។

លោកស្រីមានប្រសាសន៍បន្ថែម ទៀតថា ក្រោយពីទទួលព័ត៌មានថា នៅក្រុងស្វាយរៀង មានភូមិមួយចំនួនជាប់ទន្លេវ៉ៃគោ ត្រូវទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក៍ដូចជាអាជ្ញាធរ ដែនដី យកចិត្តទុកដាក់ជាបន្ទាន់ ចុះពិនិត្យ និងផ្តល់អ្វីៗជាជម្រកបណ្តោះអាសន្នដល់ពួកគាត់ និងសូមបងប្អូនយកចិត្តទុកដាក់ លើបញ្ហាសុខភាព អនាម័យ និងបង្ការពេលមានភ្លៀង ត្រូវរកកន្លែងដែលមានសុវត្ថិភាព និងនៅឲ្យឆ្ងាយពីវត្ថុដែលអាចចម្លងរន្ទះ ការពារកូនចៅតូចៗកុំឲ្យចុះលេងទឹកដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។

អំណោយដែលបានចែកជូនទាំង ៧៧ គ្រួសារ សាខាកាកបាទក្រហមបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ថវិកា ៥០,០០០ រៀល គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧបត្ថម្ភក្នុង ១ គ្រួសារ អង្ករ ២៥ គីឡូក្រាម និង មី ១ កេស ៕ យឹម សុថាន


ចែករំលែក៖