ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ៦នាក់ឆ្លងដែនទៅកាប់ឈើគ្រញូងនៅប្រទេសថៃត្រូវសមត្ថកិច្ចថៃចាប់់ខួ្លននៅប៉ាងស៊ីដា

ចែករំលែក៖

ប៉ោយប៉ែត៖ ពលករខ្មែរ៦នាក់ ក្នុងចំណោមបក្ខពួកប្រមាណជាង២០នាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ នៃសួនឧទ្យានជាតិប៉ាងស៊ីដា ក្នុងខេត្តស្រះកែវចាប់ខ្លួន ព្រមទាំងបានរឹបអូសវត្ថុតាងជាច្រើនផងដែរ។

ពលករទាំងនេះបានធ្វើដំណើរចូលទៅក្នុងតំបន់ហាមឃាត់ តាមការនាំផ្លូវពីជានជាតិថៃដើម្បីចូលទៅស្ពាយឈើគ្រញូងចេញមកក្រៅ ។

កិច្ចប្រតិបត្តិការរបស់កម្លាំងជំនាញដែលមានក្រុមតម្រួតថៃ និងកម្លាំងមេព្រៃប្រចាំតំបន់ ឧទ្យានជាតិ ប៉ាងស៊ីដា បានធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ទើបចាប់ខ្លួនពួកគេបាននៅចំណុច ទឹកធ្លាក់ផាតាខៀន ក្នុងភូមិ១១ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ។

តាមសេចក្តីរាយការណ៍ដែលទទួលបានគឺនៅវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែតុលា កម្លាំងបានចូលទៅកាន់តំបន់ខាងលើ ដោយសារតែទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងករណីលួចកាប់ឈើគ្រញូង ក្នុងតំបន់ហាមឃាត់ ដោយនៅទីនោះ កម្លាំងបានរកឃើញ ស្នាមដានជើងជាច្រើន ព្រមទាំងបានឃើញស្នាមអូស រំកិលឈើចេញពីព្រៃថែមទៀតផង ទើបកម្លាំងបានតាមដានរហូតបានប្រទះឃើញមានឈើគ្រញូងជាច្រើនផ្ទាំង ដែលជនមិនស្គាល់មុខយកទៅលាក់ក្នុងគុម្ពោធព្រៃ ទើបកម្លាំងបានរៀបចំផែនការឃ្លាំមើលនិងចាប់ខ្លួន លុះនៅវេលាម៉ោង៦ល្ងាច ស្រាប់តែមានរថយន្តចំនួនពីរគ្រឿង រួមជាមួយនឹងមនុស្សប្រមាណជាង២០នាក់ បានជិះរថយន្តមកឈប់ ត្រង់ចំណុចខាងលើ ដោយពួកគេម្នាក់ៗបានចុះសំដៅទៅលើកឈើទាំងនោះដាក់រថយន្ត តែត្រូវកម្លាំងចេញប្រតិបត្តិការស្ទាក់ចាប់បានតែមនុស្ស៦នាក់ ឈើគ្រញូងចំនួន ២៦ ផ្ទាំង រណារយន្ត១គ្រឿង និងរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា វីហ្គូ ព៌ណខ្មៅ ពាក់ស្លាកលេខ បាងកក ៦៥៧៩ ដោយឡែករថយន្តមួយគ្រឿងទៀត និងមនុស្សមួយចំនួនបានបើករត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបន្តថា ក្នុងរថយន្តដែលចាប់បានមានប័ណ្ណបើកបរមួយសន្លឹកឈ្មោះ សនរ៉ាម ប្រាបណក ។ ជនទាំង៦នាក់ដែលសមត្ថកិច្ចថៃចាប់ខ្លួន គឺជាជនជាតិកម្ពុជាទាំងអស់ ដោយពួកគេ បានសារភាពថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ពួកខ្លួនមានគ្នាចំនួន២៧នាក់ ត្រូវបានជនជាតិថៃទាក់ទងឲ្យចូលទៅលីឈើគ្រញូងចេញពីព្រៃមកខាងក្រៅ ដោយ គេឲ្យតម្លៃក្នុង១គីឡូក្រាម ២០០ បាត ហើយពួកគេក៏បានឡើងរថយន្តចំនួន២គ្រឿងដែលទៅទទួលនៅប៉ោយប៉ែតវេលាម៉ោង៨យប់ ។

ក្រោយពីបានដល់ទីតាំងខាងលើ ពួកគេបានដើរក្នុងព្រៃអស់រយៈពេល ៧ថ្ងៃ ទើបបានទៅដល់កន្លែងអារឈើ ដោយនៅទីនោះមានជនជាតិថៃជាអ្នកអារឈើ ហើយពួកគេមានត្រឹមតែជាអ្នកស្ពាយ និងជញ្ជូនមកខាងក្រៅតែប៉ុណ្ណោះ លុះថ្ងៃទី១៨ ខែតុលា ទើបត្រូវជញ្ជូនចេញពីព្រៃ ដោយមានថៃម្នាក់ជាអ្នកនាំផ្លូវ ហើយក៏បានយកឈើទាំងនោះមកលាក់ទុកជាបណ្តោះអាសន្ន នៅត្រង់ចំណុចក្បែរទឹកធ្លាក់ ។ ក្រោយពីមានសភាពស្ងាត់ទើបនៅម៉ោង៦ល្ងាច ពួកគេក៏បានវិលត្រឡប់មកវិញ បម្រុងលើកឈើទាំងនោះឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន តម្រួត ប៉ាងស៊ីដា ដើម្បីសាកសួរមុននឹងបញ្ជូនទៅឲ្យកម្លាំងជំនាញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖