ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយ! ជីកដីសាងសង់ផ្ទះប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះ៣០គ្រាប់ ញាក់សាច់ទទ្រើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់មានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង ខណៈជីកដីសាងសង់សំណង់លំនៅឋាននោះ ស្រាប់តែប្រទះឃើញក្បាលគ្រាប់ក្នុងទំហំចម្រុះរហូតដល់៣០គ្រាប់ ទើបរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យជាក់ស្តែង។ ប៉ុន្តែទោះបីយ៉ាងណា ករណីនេះ មិនបណ្តាលឲ្យផ្ទុះ ឬបង្កឲ្យគ្រោះថ្នាក់អ្វីនោះឡើយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់ឈ្មោះ អាំង ហូមា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈជីកដីសង់ផ្ទះក៏ប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះទំហំចម្រុះប្រមាណ៣០គ្រាប់ ក៏ស្លន់ស្លោរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះពិនិត្យជាក់ស្តែងក្បាលគ្រាប់ខាងលើបានបញ្ជាក់ថា ក្បាលគ្រាប់ទាំងនេះមានក្បាលគ្រាប់ទំហំ១០០មីល្លីម៉ែត្រ២គ្រាប់, ក្បាលគ្រាប់ទំហំ M 67 ចំនួន១គ្រាប់, ក្បាលគ្រាប់ទំហំ៨០មីល្លីម៉ែត្រ២គ្រាប់, ក្បាលគ្រាប់ឡង់៤គ្រាប់, ក្បាលគ្រាប់ទំហំ៦០មីល្លីម៉ែត្រ២គ្រាប់, ក្បាលគ្រាប់ B.៤០ ចំនួន១គ្រាប់ និងក្បាលគ្រាប់មិនស្គាល់ម៉ាក១៨គ្រាប់ទៀតផងដែរ។

បច្ចុប្បន្ន ក្បាលគ្រាប់ទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីសុវត្ថិភាពផងដែរ ៕ ប៉ឹម ពិន


ចែករំលែក៖