ព័ត៌មានទាន់ហេតុការណ៍៖

សួង ស៊ីធឿន និងទ្រី តារាវុធ បញ្ជាក់រឿងស្នេហាក្រៅឆាក

ចែករំលែក៖

ភ្នំពេញ៖ តួឯកប្រុសស្រីវ័យក្មេង នៃរឿង “សសរកន្លោង” ត្រូវបានមហាជនមួយចំនួនយល់ថា បានភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាក ក្រោយពីពួកគេបានបណ្តើរគ្នាស្ទើរគ្រប់កម្មវិធី។ ពួកគេបញ្ជាក់ដូចគ្នាថា ទំនងជាការយល់ច្រឡំច្រើនជាង ប៉ុន្តែមិនប្រាកដទេថា ថ្ងៃក្រោយនឹងទៅជាយ៉ាងណា។

តារាសម្តែងសួង ស៊ីធឿន កាន់តែមានភាពផ្អែមល្ហែមច្រើនជាមួយFreshie Boy លេខ១ លោក ទ្រី តារាវុធ ដែលធ្វើឲ្យមានអ្នកចាប់អារម្មណ៍ខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រ ពួកគេយល់ថា ជាគូស្នេហ៍ក្រៅឆាកទៀតផង ពិសេសក្រោយពេលពួកគេបញ្ចប់ការថតភាពយន្តខ្នាតធំទី២របស់ផលិតកម្មឥន្ទ្រានិម្មិត ។ ហាក់ទទួលស្គាល់ពីភាពស្និទ្ធស្នាលនេះ សួង ស៊ីធឿនថា ពិតជាធ្លាប់លឺពាក្យនេះ និងការជជីកសួរជាច្រើនពីអ្នកគាំទ្រ។

តារាស្រីរូបនេះបញ្ជាក់ថា ទំនាក់ទំនងនាងនិង ទ្រី តារាវុធគឺត្រឹមជាមិត្តរួមអាជីព ហើយការចេញទៅណាមកណាជាមួយគ្នាព្រោះតែមានការងារខ្លះត្រូវធ្វើជាមួយគ្នាហើយក៏មិនមែនទៅណាមកណា តែពីរនាក់ដែរ។ នាងថា តារាវុធ គឺជាមនុស្សល្អ ចេះយល់ចិត្ត និងរួសរាយច្រើនធ្វើឲ្យនាងមានទំនុកចិត្ត ប៉ុន្តែបើនិយាយដល់រឿងស្នេហាវិញ គឺមិនទាន់មាននោះទេ។

ថ្លែងស្រដៀងគ្នានេះដែរ លោក ទ្រី តារាវុធ បញ្ជាក់ថា គ្មានចំណងស្នេហាក្រៅឆាកដូចការលើកឡើងទេ ប៉ុន្តែសម្រាប់ថ្ងៃក្រោយយ៉ាងណាលោកកីមិនដឹងដែរ។ លោកថា ស៊ីធឿនជាក្មេងស្រីស្មោះត្រង់ ឆ្លាត និងចូលចិត្តនិយាយលេងសើចច្រើនធ្វើឲ្យលោក និងមិត្តភ័ក្កិសប្បាយចិត្ត។ លោកថាការធ្វើឲ្យមានការយល់ច្រឡំជាដៃគូស្នេហា គឺមិនចម្លែកទេព្រោះ ពួកលោកមានការងារជាច្រើនធ្វើរួមគ្នាបូករួមទាំងជំនួញលក់ផលិតផលតាមអនឡាញផងដែរ។

លោកថា អ្នកគាំទ្រជាច្រើនចង់ឃើញពួកលោកមានស្នេហាក្រៅឆាកមែន ប៉ុន្តែការស្រលាញ់ ឬមិនស្រលាញ់គឺអាស្រ័យលើចិត្តនិងចិត្ត មិនអាចបង្ខំបាន គឺមានតែពេលវេលាទេដែលអាចកំណត់បាន៕ វឌ្ឍនា


ចែករំលែក៖