ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក តូច តារា មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរ័ក្សនិងលោកស្រីដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តគគីររដួចស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថវិកាសរុបចំនួនជាង៣៤លានរៀល និងប្រាក់ដុល្លារ ៣.១៩៨ដុល្លារ និងស៊ីម៉ង់ត៍១០តោន ដែលជាបច្ច័យបានពីអង្គកឋិនទានសាមគ្គី ត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែនាំយកទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តគគីររដួច ដែលមានទីតាំងស្ថិតនៅក្នុងភូមិ-ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក តូច តារា មេបញ្ជាការងបញ្ជាការដ្ឋានកងអង្គររក្ស លោកស្រី ម៉ម សាមឿន និងអស់លោកជាច្រើនរូបទៀត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

បន្ទាប់ពីការធ្វើពិធីតាមលំអានប្រពៃណីព្រះពុទ្ធសាសនារួចហើយនោះ លោកឧត្តមសេនីយ៍ឯក តូច តារា បានថ្លែងអំណរគុណដល់មន្ត្រីរាជការ និងអ្នកចូលរួមទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួននៅក្នុងពិធីបុណ្យកឋិនសាមគ្គីនេះ។

លោកបានលើកឡើងផងដែរពីការរីកចម្រើននៃវិស័យពុទ្ធចក្រ និងអាណាចក្រនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំរហូតមកដល់ ពេលនេះ មានវត្តអារាមជាង៤.០០០វត្ត និងមានព្រះសង្ឃគង់នៅជាង៦ម៉ឺនអង្គ ក្នុងទូទាំងប្រទេស និងបានចាត់ទុកវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

លោកក៏បានបួងសួងសូមឲ្យបុណ្យកុសលកើតចេញពីការធ្វើបុណ្យកឋិនទាន នាំមកនូវសេចក្តីចម្រើនដល់មន្រ្តីរាជការ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកចូលរួមទាំងអស់ ហើយក៏បានបួងសួងសុំឲ្យអំណាចនៃកុសលផលបុណ្យ ដែលចេញពីអង្គកឋិនទាន ជួយឃុំគ្រងបីបាច់ថែរក្សាប្រទេសកម្ពុជា សូមបានជួបតែសុខសន្តិភាព និងការរីកចម្រើនជារៀងរហូត៕ យឹម សុថាន


ចែករំលែក៖