ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសបែកក្បាលសន្លប់ដោយសារជិះម៉ូតូបុករថយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាល ហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ត្រូវបានអ្នកភូមិដឹកមកកាន់មន្ទីរពេទ្យ ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ បុកជាមួយរថយន្តមួយគ្រឿង បញ្ច្រាសទិសគ្នាពេញទំហឹងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវលេខ ២១៦ ស្ថិតក្នុងភូមិ រោងបន្លែសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះមាន តូចជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិបាយ៉ាប ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។

ចំណែកអ្នកបើករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៩២៤៣ មិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុរត់គេចពីភ្លាមៗ។

យោងតាមអ្នកភូមិបានឲ្យដឹងថា មុនកន្លែងកើតហតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿន មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនឹងរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពណ៌ សទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កភាពភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមកជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ចំពោះរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖