ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌទួលគោក៖ បងប្អូនអ្នករត់ម៉ូតូកង់៣ណាដែលចូលរួមជួយ បង្ការ បង្ក្រាប និងបទល្មើសឆក់ ប្លន់ នឹងទទួលរង្វាន់លើកទឹកចិត្តចំនួន៤០ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលដឹកនាំដោយ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក និងមានការចូលរួម ដោយលោកអធិការរង នាយប៉ុស្តិ៍ទាំង១០ ក្នុងមូលដ្ឋានខណ្ឌទួលគោក បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរ ជាអ្នករកស៊ីរត់ម៉ូតូកង់៣ ចូលរួមជួយសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីទប់ស្កាត់ បង្ការ បង្ក្រាប និងបទល្មើសឆក់ ប្លន់ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ហ៊ុន សុធី អធិការខណ្ឌទួលគោក បានសូមណូមពរដល់បងប្អូនចូលរួមទប់ស្កាត់បទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទី១; សុំអោយបងប្អូនរត់ម៉ូតូកង់៣ ពន្យល់និងប្រាប់ដល់បងប្អូនដែលជាភ្ញៀវជិះម៉ូតូកង់៣ អោយប្រុងប្រយ័ត្ន របស់របរសម្ភារៈទុកដាក់នៅលើម៉ូតូកង់៣អោយបានត្រឹមត្រូវ។ ទី២; សុំអោយបងប្អូនររត់ម៉ូតូកង់៣ តុបតែងម៉ូតូរបស់ខ្លួនអោយបានត្រឹមត្រូវ ដូចជារនាំងបាំងជាជញ្ជាំង ដើម្បីកុំអោយក្រុមចោរងាយធ្វើសកម្មភាព ឆក់ ឬ ប្លន់ ។ បន្ថែមពីនេះទៅទៀត លោកអធិការ សូមអំពាវនាវ ដល់បងប្អូនអ្នករត់ម៉ូតូកង់៣ ជួយសហការជាមួយសមត្ថកិច្ចយើងបន្ថែមទៀត គឺ សុំអោយបងប្អូនជួយចំណាំ ស្លាក់លេខម៉ូតូរបស់ជនសង្ស័យអោយបានច្បាស់ និងជួយបើកកៀអោយជនសង្ស័យដួល ដើម្បីឃាត់ខ្លួនជនសង្ស័យ យកមកដាក់ទោសតាមនីតិវិធីច្បាប់ ។

លោក ហ៊ុន សុធី បានបញ្ជាក់ផងដែរថា ក្នុងករណីបងប្អូនដែលជាអ្នករត់ម៉ូតូកង់៣ នូវប្រការណាមួយដែលពួកគាត់បានចូលរួមបើកកៀម៉ូតូក្រុមជនសង្ស័យបណ្ដាលឲ្យដួលឬ បង្កឲ្យខូចខាត់ទ្រព្យសម្បត្តិរបស់របរគាត់នោះ លោកអធិការនិងជួសជុលជូនវិញ ឬឃាត់ខ្លួនជនសង្ស័យបានម្នាក់និងជូនជារង្វាន់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀលផងដែរ ។

គួររំលឹកផងដែរកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជម្រុញឲ្យដាក់ពាក្យបណ្តឹងប្តឹង ចោរឆក់ តាមផ្លូវសាធារណៈពីបទប៉ុនប៉ងមនុស្សឃាតមួយកម្រិតទៀត ខណៈការអនុវត្តកន្លងទៅមានទោសតិចទួចដែលជាកត្តាធ្វើឲ្យជនល្មើសបានចិត្តនិងធ្វើសកម្មភាពបែបនេះដដែលជាដដែលនោះ ដែលបានធ្វើការលើកឡើងរបស់អគ្គស្នងការនគរបាលរូបនេះគឺបានធ្វើឡើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការវិវត្តន៍នៃសភាពការថ្មីៗដោយមានការចូលរួមពីស្នងការគ្រប់រាជធានី-ខេត្តនិងនាយកដ្ឋានពាក់ព័ន្ធទាំងអស់នានាអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំនោះ នាយឧត្តម គៀត ចាន់ថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់ដល់ ភាគីចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតទាក់ទងនឹងករណីឆក់ ខណៈនាពេលបច្ចុប្បន្ន នេះករណីឆក់នេះបានកើតឡើងជាញឹកញាប់ហើយករណីខ្លះបានធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិតក៏មានដែរនោះ។ តែទោះបីយ៉ាងណាក្តីនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ បានជម្រុញឲ្យមានការប្តឹង ដល់ជនល្មើសមួយកម្រិតទៀតគឺពីទោសប៉ុនប៉ងមនុស្សឃាតដោយចេតនា ។

បើតាមយោងតាម ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ ដដែលបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍នេត សាវឿន ក៏បានជម្រុញដល់ស្នងការនគរបាលគ្រប់រាជធានីខេត្តទាំងអស់ត្រូវពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀតឲ្យដូចទៅហ្នឹងភ្លៀងរលឹមដើម្បីធ្វើយ៉ាងណាឆ្លើយតប់ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងខិតខំធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់បទល្មើសផ្សេងៗទៀត ក្នុងគោលបំណងផ្តល់ភាពកកក្តៅដល់ប្រជាពលរដ្ឋនោះ ។

គួរបញ្ជាក់ផងដែរថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឲ្យដឹងដែរថា អង្គភាពទាំងអស់ត្រូវត្រៀមកម្លាំងឲ្យបានគ្រប់ពេលនិងគ្រប់គោលដៅ ក្នុងគោលបំណងទប់ស្កាត់នូវសកម្មភាពណាដែលធ្វើឲ្យប៉ះ ពាល់ដល់សន្តិសុខសង្គមនិងសន្តិភាពជាដើមនោះ ។

ដោយឡែកសម្រាប់ថ្ងៃប្រារព្ធពិធីបុណ្យអំទូកបណ្តែតប្រទីពសំពះព្រះខែ នាពេលខាងមុខនេះ អគ្គស្នងការនគរបាលជាតិក៏បានត្រៀមកម្លាំងចំនួនជិតបីម៉ឺននាក់ដើម្បីការពារនិងរក្សាសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ ៕ ស តារា


ចែករំលែក៖