ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែបង្កឲ្យមានការព្រួយបារម្ភខ្លាំងឡើងៗ ពីសង្គ្រាមដែលអាចកើតឡើងគ្រប់ពេលវេលា ។ ការព្រួយបារម្ភ កើតឡើងខ្លាំងក្រោយពេលដែលកម្លាំងទាហានអាមេរិកនៅកូរ៉េខាង ត្បូង បានហ្វឹកហាត់ជម្លៀសពលរដ្ឋ មានរយៈពេល៥ថ្ងៃ ក្នុងនោះមានទាំងការជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក៏ដូចជាជួយសង្គ្រោះពលរដ្ឋដែលរងរបួស នៅក្នុងសង្គ្រាម។
មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅ កូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធខាង លើមានឈ្មោះថា Courageous Channel គឺដើម្បីត្រៀមលក្ខណៈជួយដល់ពលរដ្ឋ ភៀសខ្លួនឲ្យបានទាន់ពេលវេលាទៅកាន់តំបន់មានសុវត្ថិភាព។
នៅក្នុងការធ្វើសមយុទ្ធនោះក៏មានការជម្លៀសជនបរទេសក្នុងនោះមានពលរដ្ឋអាមេរិក ទៅកាន់ទីតាំងទ័ពអាកាសរបស់អាមេរិកនៅក្នុងទឹកដីជប៉ុន តាមយន្តហោះ ដែលជាការជម្លៀសទៅយ៉ាងឆ្ងាយ។
ការជម្លៀសទៅឆ្ងាយឲ្យផុតពីទឹកដីកូរ៉េខាងត្បូង នោះ ត្រូវបានក្រុមអ្នកឯកទេស លើកឡើងថា ដោយសារតែនៅក្នុងទឹកដី កូរ៉េខាងត្បូង មិនមានតំបន់ណាមួយមាន សុវត្ថិភាព ឡើយពេលមានសង្គ្រាមផ្ទុះ ឡើង ។ សកម្មភាពសមយុទ្ធនោះកើតឡើងចំពេលដែលភាពតានតឹងរវាង អាមេរិកនឹងកូរ៉េខាងជើងកាន់តែធ្ងន់ធ្ងរហើយ មេដឹកនាំប្រទេសទាំងពីរតែងតែប្រកាសធ្វើសង្គ្រាម ជារៀងរហូតក្នុងរយៈពេលចុងក្រោយនេះ។
ក្នុងពេលជាមួយគ្នានេះ អាមេរិក បានត្រៀមលក្ខណៈវាយប្រហារបរមាណូ ដោយ ដាក់យន្តហោះទម្លាក់គ្រាប់បែក បរមាណូ ត្រៀមលក្ខណៈ២៤/២៤ម៉ោង រង់ចាំបញ្ជាវាយប្រហារ។ កងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ថា ក្នុងពេលបច្ចុប្បន្ននេះកំពុងត្រៀមរៀបចំដាក់យន្តហោះទម្លាក់គ្រាប់បែក B-52 ផ្ទុកដោយគ្រាប់បែកនុយក្លេអ៊ែរ ឲ្យ ប្រុងប្រៀបជាស្រេច ២៤ម៉ោងលើ២៤ ម៉ោង ដើម្បីធ្វើការហោះហើរឡើងនៅ ពេលណាមួយ ពីមូលដ្ឋានទ័ពមួយនៅរដ្ឋ Louisiana ដែលនេះគឺជាលើកទី១ ហើយចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក ។
យោងតាមប្រភពព័ត៌មាន ពីកាសែត អង់គ្លេស Mirror Online ចេញផ្សាយនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹង ថា មានការភ័យខ្លាចមួយថា សង្គ្រាមថ្មីមួយ អាចនឹងផ្ទុះឡើង ស្របពេលដែលប្រទេសកុម្មុយនីស្ត ឯកោ ព្យាយាមធ្វើការអភិវឌ្ឍ ក្បាលគ្រាប់នុយក្លេអ៊ែរ មានសមត្ថភាព វាយប្រហារ ដល់ទឹកដីសហរដ្ឋអាមេរិក ។
សូមជម្រាបផងដែរថា យន្តហោះទម្លាក់ គ្រាប់បែក B-52 Stratofortress ដែលចាប់ផ្តើមប្រើការក្នុងឆ្នាំ១៩៥៥ តាមសេចក្តី រាយការណ៍ ត្រូវបានគេផលិតឡើង ដើម្បី ឲ្យនាំយកអាវុធនុយក្លេអ៊ែរ និងបម្រើការជាគ្រឿងរារាំងទប់ស្កាត់ ក្នុងសម័យសង្គ្រាម ត្រជាក់ ហើយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយនេះ អាចផ្ទុះ អាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា ចំនួន ៣១.៧៥១,៤៦៦គីឡូក្រាម ដែលរួម មានគ្រាប់បែក អាវុធវៃឆ្លាត គ្រាប់មីន និង មីស៊ីល។
នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក James Mattis នឹងធ្វើការពិភាក្សាគ្នា ជាមួយសម្ពន្ធ មិត្តអាស៊ី ស្តីពីប្រទេសកូរ៉េខាងជើង និងវិបត្តិបង្កឡើងដោយការបង្កហេតុ គ្មានការពិចារណា របស់ទីក្រុងព្យុងយ៉ាង ស្របពេលដែលលោក បានចាប់ផ្តើម ដំណើរទស្សនកិច្ច រយៈពេលមួយសប្ដាហ៍ មកតំបន់អាស៊ី នៅថ្ងៃចន្ទ ដើម្បីជួបថ្នាក់ ដឹកនាំការពារជាតិ នៅក្នុងប្រទេសហ្វុីលី ពីន។
តាមការចុះផ្សាយរបស់កាសែតរ៉យទ័រ ដំណើរទស្សនកិច្ចមកកាន់អាស៊ី របស់ លោក Mattis ដែលរួមបញ្ចូលទាំង ការ ឆៀងចូលក្នុងប្រទេសថៃ និងកូរ៉េខាងត្បូង បានធ្វើឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ មុន ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ច មកកាន់ តំបន់អាស៊ី ជាលើកដំបូងរបស់លោក។
ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលដែលអាមេរិកនិងកូរ៉េខាងត្បូង ទើបតែបញ្ចប់ការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដែលបានធ្វើឡើងតាំងពីថ្ងៃទី១៦ខែតុលារហូតដល់ថ្ងៃទី២១ខែតុលា។ សមយុទ្ធរវាងកូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិកនេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិបថទនៃភាពតានតឹងបច្ចុប្បន្នជាមួយកូរ៉េខាងជើងពាក់ព័ន្ធ នឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង។
នៅក្នុងការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិកនេះ កូរ៉េខាង ជើង បានចាត់ទុកថា ជាការហាត់សម សង្គ្រាម។ រីឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson វិញ កាលពីថ្ងៃអាទិត្យ ម្សិលម៉្ងៃ បានខិតខំថ្លែងធានាអះអាងថា លោកDonald Trump បានស្នើសុំឲ្យរូបលោកប្រឹងប្រែងលើការទូតជាបន្តទៅមុខទៀតនៅក្នុងគោលដៅដើម្បីជួយកាត់បន្ថយភាពនូវតានតឹងជាមួយកូរ៉េខាងជើង។
គួររំលឹកថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានធ្លាក់ចុះដុនដាបសារជាថ្មីនោះ ដោយ សារតែកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកមួយចំនួននាពេលថ្មីៗកន្លងទៅនេះនិងការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរលើកទី៦ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៣កញ្ញាមុន រួមទាំងសង្គ្រាមពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិកនឹងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
ថ្មីៗនេះ អ្នកតំណាងរាស្រ្តរបស់រុស្ស៊ី មួយរូបដែលទើបធ្វើដំណើរវិលត្រឡប់មកពីកូរ៉េខាងជើងនាខែនេះ បានថ្លែងឲ្យដឹងថា របបកូរ៉េខាងជើង កំពុងប្រុងប្រៀបធ្វើការបាញ់សាកល្បងមីស៊ីលមួយគ្រាប់ថ្មីទៀតដែលអាចបាញ់ទៅដល់ឆ្នេរខាងលិចនៃ សហរដ្ឋអាមេរិក។
ចំពោះបញ្ហានេះ អ្នកទទូលខុសត្រូវ របស់កូរ៉េខាងត្បូង បានវាយតម្លៃថា គឺជាការបង្កហេតុថ្មីមួយទៀតដែលកូរ៉េខាងជើងអាចនឹងធ្វើឡើង នៅចំពេលដែលគណ បក្សកុម្មុយនីស្តចិន រៀបចំបើកសមាជបក្សលើកទី១៩របស់ខ្លួននៅថ្ងៃពុធខាងមុខនេះ៕ ម៉ែវ សាធី