ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ចាប់រំលោភនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដងរយៈពេលតែប៉ុន្មាននាទី ត្រូវនាងស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងព័ន្ធចាប់ប្រគល់ឲ្យប៉ូលិស។
ករណីនេះកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប៉ូលិសប្រាប់ថា ជនសង្ស័យមានឈ្មោះ ជីវ ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល លេខ៤ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិ អូរអណ្តូង ឃុំភ្នំលាវទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកនារីរងគ្រោះ ឈ្មោះ ថ គ ហ អាយុ២២ឆ្នាំ ។
ប្រភពពីនារីរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចថ មុនកើតហេតុ ម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ប្អូនប្រុសស្រី២នាក់របស់នាង បានសុំចេញទៅដើរលេង រួមជាមួយមិត្តភក្តិផ្សេងទៀតនៅខាងក្រៅ។ ក្រោយពីប្អូនៗចេញទៅបាត់ នាងក៏ដេកលេងលើកន្ទេលក្នុងបន្ទប់ ដោយហត់នឿយនឹងការងារពេក ក៏លង់លក់បាត់ទៅ ដោយភ្លេចទាំងបិទទ្វារ ដាក់គន្លឹះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យចូលមក ចាប់នាងធ្វើសកម្មភាពរំលោភ សម្រេច២ដង រយៈពេលតែមួយភ្លែតពេលនោះ នាងក៏រើបម្រាស់រួចស្រែកឲ្យអ្នកជិតខាងជួយ ពេលនោះជនសង្ស័យ ក៏រត់គេចចូលទៅសម្ងំក្នុងបន្ទប់លេខ៤របស់គេ នាងក៏ប្តឹងប៉ូលិសមកនាំខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះ បានសម្រេច២ដង ក្នុងរយៈពេលមួយភ្លែតពិតប្រាកដមែន។ មូលហេតុដែលនាំឲ្យគេចូលចាប់នារីរងគ្រោះរំលោភនោះ ព្រោះពេលដែលគេមកពីដើរលេងវិញ ឃើញទ្វារបន្ទប់ចំហ ក្រឡេកឃើញនាងដេកទំនងពេកខ្លួនមានអារម្មណ៍ចង់រួមភេទ ក៏ដើរចូលចាប់នាងរំលោភតែម្តង។
លុះមកដល់ប៉ុស្តិ៍នគរបាលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទារជំងឺចិត្តចំនួន៥ពាន់ដុល្លារនិងសំណូមពរឲ្យសមត្ថកិច្ចដាក់ទោសជននេះឲ្យតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ តុង សីហា