ប៉ោយប៉ែតៈ ក្មេងប្រុស២នាក់ទៅ តាមបងដាក់ទ្រូចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុច ប្រឡាយ ខាងលិចឋិតក្នុងភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរីបាន់ឲ្យដឹងថា ក្មេងរងគ្រោះ ទាំង ២នាក់ នោះទី១ មានឈ្មោះធឿម ចាន់ថាត់ ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ២.មានឈ្មោះ រី សារឿម ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិ ក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកថា នៅមុនពេលកើតហេតុនោះ ម្តាយ កុមាររងគ្រោះ ទាំង២នាក់ បានជាប់រវល់ ទៅ ដង្ហែសព យាយរបស់កុមាររងគ្រោះយកទៅបូជានៅឯវត្ត ឆ្លៀតពេលនោះ កុមាររងគ្រោះ បាននាំគ្នាទៅតាមបងលើកទ្រូ នៅឯស្រែ ហើយក៏បាននាំគ្នាចុះហែលទឹក ប្រឡាយ លេង ដោយក្មេងទាំង២នាក់ មិនចេះហែល ទឹក ដល់ទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់ តែម្តង។
ម្តាយ ឪពុក ក្មេងទាំង២នាក់ ក្រោយពីវិល ត្រឡប់មកពីហែរសពវិញ ទើបដឹងថាកូន លង់ទឹកស្លាប់ បានត្រឹមតែឱបសព កូនយំ សោកស្តាយព្រោះ កូនជាទីស្រឡាញ់ ស្លាប់ចោលខ្លួន ដោយគ្មាន ថ្ងៃវិលមកវិញ។ កុមាររងគ្រោះទាំង២នាក់ ត្រូវបានឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន៕ វណ្ណា