ព័ត៌មានទាន់ហេតុការណ៍៖

ទៅផ្សារទិញម្ហូបចាញ់បោកអ្នកទម្លាក់សំណរដូរយកគ្រឿងអលង្ការអស់ពីខ្លួនជាង២០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ: ស្ត្រីម្នាក់បានចាញ់បោកស្រ្តីល្មើសពីរនាក់ទម្លាក់ដុំសំណរដូរយកគ្រឿងអលង្ការមាន តម្លៃជាង២០០០ដុល្លារទៅបាត់ ទើបសម្រេចចិត្តទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវឲ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ នៅខាងមុខខ្លោងទ្វារសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គ្រាដែលនាងទៅរកទិញម្ហូបនៅផ្សារច្បារអំពៅ ។

ស្ត្រីរងគ្រោះមានឈ្មោះ ចន្ថា ធីតា អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីហាយថិច មានស្រុកកំណើតនៅស្រុកកំពង់លាវ ខេត្តព្រៃវែង។ ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានទៅរកទិញម្ហូបនៅផ្សារច្បារអំពៅក៏ស្រាប់តែបានជួបស្ត្រីជាជនសង្ស័យចំនួនពីរនាក់ដើរមកជិតមកប្រាប់នាងថា «ខ្លួនគេរើសបានរបស់មានតម្លៃមួយកញ្ចប់» ហើយក៏បង្ហាញកញ្ចប់នោះឲ្យនាងមើលឃើញសុទ្ធតែមាសក្រហមច្រាលក្នុងកញ្ចប់មានទម្ងន់ប្រមាណ៣ដំឡឹង ។ ពេលនោះពួកគេទាំងពីរនាក់ក៏បញ្ចុះបញ្ចូលឲ្យនាងឡើងជិះម៉ូតូទៅជាមួយមកកាន់ចំណុចខាងខាងមុខខ្លោងទ្វារសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដើម្បីធ្វើការដោះដូរគ្នា ដោយគេឲ្យនាងដោះកងដៃផ្លាកទីនចំនួន ២១កង ខ្សែកផ្លាកទីន ១ខ្សែ និងចិញ្ជៀនមាសទម្ងន់ ២ជី ១វង់ សរុបមានតម្លៃរហូតដល់ទៅជាង ២ពាន់ដុល្លារទៅឲ្យពួកគេ ហើយគេឲ្យមាសជាង៣ដំឡឹងនោះមកនាងវិញ ដោយប្រាប់ថា នាងបានចំណែកច្រើនជាងគេហើយ ។ ពេលឮដូច្នេះនាងភ័យផង អរផង ក៏ យល់ព្រមដោះគ្រឿងអលង្ការទាំងអស់ប្រគល់ឲ្យស្រ្តីទាំងពីរនាក់នោះ រួចពួកគេជិះម៉ូតូទៅបាត់ស្រមោលតែម្តង។

ស្រី្តរងគ្រោះបានបន្តថាក្រោយពេលពួកគេទៅបាត់នាងបានលាមើលកញ្ចប់មាស ឃើញសុទ្ធតែគ្រាប់ឃ្លីដែក(គ្រាប់លីបកង់)ធ្វើឲ្យនាងស្លុតចិត្តស្ទើរធ្លាក់ថ្លើម ទោះយំក៏មិនចេញ សើចក៏មិនចេញទើបសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវឲ្យជួយធ្វើអន្តរាគមន៍តែមិនដឹងថា សមត្ថកិច្ចអាចស្រាវជ្រាវរកក្រុមស្ត្រីជាជនសង្ស័យ ទម្លាក់យោងនេះចាប់យកមកធ្វើការផ្តន្ទាទោសទៅតាមច្បាប់បានដែរឬទេ ៕ ស រស្មី


ចែករំលែក៖