ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីវៃប្រពន្ធឡើងប៉ោងភ្នែក រហូតប្ដឹងដល់ប៉ុស្ដិ៍ប៉ូលិស ចុងក្រោយយកគ្នាដដែល

ចែករំលែក៖

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវប្តីគ្មានចិត្តធម៌ប្រើកណ្ដាប់ដៃ វៃលើផ្ទៃមុខបណ្តាលឲ្យជាំភ្នែកខាងឆ្វេង កាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ លុះនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ដោយស្ត្រីរូបនោះទ្រាំមិនបាន ក៏មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានថា មានហិង្សាក្នុងគ្រួសារនេះ ភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ដង្កោបានចុះទៅដល់បន្ទប់ជួលកើតហេតុខាងលើ និងនាំខ្លួនជនដៃដល់មកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ជនដៃដល់ដែលជាប្តីគ្មានចិត្តធម៌ខាងលើមានឈ្មោះ ងោយ ភក្រ័ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកប្រពន្ធដែលជាជនរងគ្រោះខាងលើមានឈ្មោះ អាត់ រ៉ា អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលមួយគ្នា រួមជាមួយកូនប្រុសស្រី២នាក់ ក្នុងបន្ទុក។

នៅចំពោះមុខសមត្ថកិច្ចប្តីប្រពន្ធទាំង២នាក់ចោទប្រកាន់ និងប្រកែករកត្រូវរៀងខ្លួន ដោយប្តីចោទថាប្រពន្ធរបស់គាត់ចូលចិត្តផឹកស្រាលេងល្បែង និងជេរប្រមាថម្តាយក្មេក។ ចំណែកប្រពន្ធវិញចោទថា ប្តីរបស់គាត់ចូលចិត្តរករឿងវាយតប់គាត់ស្ទើរតែជារៀងរាល់ថ្ងៃ ។ នៅទីបំផុតប្រពន្ធរូបនោះសុំសមត្ថកិច្ចមិនប្តឹងប្តីឲ្យជាប់គុកនោះទេ គឺគ្រាន់តែសូមឲ្យសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រើហិង្សាជាមួយប្រពន្ធកូនទៀត ហើយក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖