ខេត្តពោធិ៍សាត់៖ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្កការសម្ពន្ធមិត្តសត្វព្រៃ ព្រមជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បានចុះប្រតិបត្តិការឆែកឆេរទីតាំងភោជនីយដ្ឋានមួយកន្លែងរកឃើញសត្វព្រៃជាច្រើនប្រភេទ និងជាច្រើនគីឡូក្រាមផងដែរ ។
ប្រភពព័ត៌មានបានរាយការណ៍ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ការចុះឆែកឆេរនេះ គឺសមត្ថកិច្ចចម្រុះខាងលើបានធ្វើឡើងនៅភោជនីយដ្ឋានមហាលាភ ដែលមានម្ចាស់ឈ្មោះ ម៉ែង តៃលឹម ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅទីតាំងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពបានបន្តប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា ជាលទ្ធផលសមត្ថកិច្ចបានប្រទះឃើញ និងចាប់យកសត្វព្រៃដូចជា៖ ពស់វែកក្របី១ក្បាល, ពស់វែកសាំងសឿ១ក្បាល, កន្ទាយអាស៊ីរស់១ក្បាល, អណ្តើកស្រែ១៥ក្បាល, សាច់ឈ្លូសស្រស់៩គីឡូក្រាម, សាច់ជ្រូកព្រៃស្រស់ជិត៤គីឡូក្រាម, ទន្សាយងាប់១ក្បាល, សាច់ឆ្មា១គីឡូក្រាម, សាច់កន្ទាយអាស៊ីស្រស់៥គីឡូក្រាម…ផងដែរ ៕ ប៉ឹម ពិន