ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា៖ នៅវេលាម៉ោង២១,១០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅផ្លូវសម្តេចសង្ឃទេពវង្ស ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1G 6728 បើកបរក្នុងទិស ដៅពីស្ទឹងហាវឆ្ពោះទៅវាលរេញ ដោយឈ្មោះ ម៉ម វុធ ហៅពុធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបន្តប្រាប់នគរវត្តទៀតថា លុះម៉ូតូបើកបរមកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង ម៉ាកកាម៉ាស សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ក4895 ភព3 កំពុងចតស្ងៀម នៅលើផ្លូវ ក្រោយពេលកើតហេតុអ្នកបើករថយន្ត គេចខ្លួនបាត់ ។
គ្រោះថ្នាក់ខាងលើបណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់ ៖ ១.ឈ្មោះ ម៉ម វុធ ហៅពុធអ្នកបើកម៉ូតូរងរបួសធ្ងន់។ ២.ឈ្មោះ ហង្ស សុផាត ភេទប្រុស អាយុ១៦ឆ្នាំ ជាព្រះសង្ឃគង់នៅវត្តថ្មដាក្រោម រួមដំណើរជាមួយម៉ូតូរងរបួសធ្ងន់។
ជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលិគឹមធី វាលរេញ ។ រីឯមធ្យោបាយទាំង២ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ