ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតយកអាវរងាជាង៨ពាន់អាវទៅចែកជូនកងទ័ពឈរជើងតាមព្រំដែន

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ព ជើងគោក បាននាំយកអាវរងាជាង៨ពាន់ អាវទៅចែកជូនកងទ័ពដែលកំពុងឈរ ជើង នៅតាមខ្សែបន្ទាត់ព្រំដែន និងកង កម្លាំងទាំង៣ប្រភេទ នៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ។ ខណៈដែលរដូវរងា បានមកដល់។

កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត ក៏បាននាំយកអាវ រងាជាង៨ពាន់អាវទៅចែកជូនកងទ័ពឈរជើងការពារព្រំដែន នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ ។

យុទ្ធនាការនាំយកអាវរងាចែកជូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធខាងលើនេះ គឺជាសកម្មភាពជាប្រចាំដែលបានចាត់ចែងដោយសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត នោះជាការបង្ហាញយ៉ាងច្បាស់ថា លោកទាំង២បានយកចិត្តទុកដាក់យ៉ាង ខ្ពស់បំផុតនឹងការឈរជើងរបស់កងទ័ព តាមបណ្ដោយព្រំដែន ក៏ដូចជានៅក្នុងក្រប ខ័ណ្ឌទូទាំងប្រទេស។

ពិធីចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ខាងលើនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទីបញ្ជាការកង ពលតូចអន្តរាគមន៍លេខ៧នៃកងពលធំ អន្ដរាគមន៍លេខ៣ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៧។ សម្រាប់អាវរងានឹង ចែកជូនកងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ នគរបាល ការ ពារព្រំដែន និងកងកម្លាំងទាំង៣ប្រភេទ របស់ខេត្តព្រះវិហារ ។ ពិធីចែកអាវរងាខាង លើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំយោធា ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រះវិហារ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើន អ្នកផ្សេងទៀត។

នៅចំពោះមុខកងកម្លាំងយោធារាប់ពាន់នាក់ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកងទ័ពចំពោះមេបញ្ជាការ និងកង ទ័ពនៅតាមអង្គភាពនីមួយៗ ដែលបានចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិរបស់ អ្នកនយោបាយ ដែលប៉ង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំពេញមហិច្ឆតា នយោបាយរបស់ខ្លួន។

ក្នុងពេលនាំអាវរងាទៅចែកកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏ អង់អាចក្លាហាន លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការយកចិត្តទុកដាក់ទៅលើជីវភាពកងទ័ពពីសំណាក់សម្តេចទាំង២ផងដែរ។

លោកឧត្តមសេនីយ៍បានថ្លែងថា សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតតែងតែគិតគូរ និងយកចិត្តទុកដាក់ ខ្ពស់ចំពោះការរស់នៅ និងតែងជំរុញដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ពរបស់ យើង។ ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ជូនបងប្អូនកងទ័ពយើងជារៀងរាល់ឆ្នាំហើយនោះ សម្តេចក៏តែងតែផ្តល់អាវភ្លៀងនៅរដូវភ្លៀង និងផ្តល់អាវរងានៅរដូវរងា ។

ក្រៅពីបង្ហាញនូវការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខ និងជីវភាព របស់កងទ័ព ហើយលោក ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញពីការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និងការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនបះបោរទាំងឡាយមកបំផ្លាញនោះឡើយ។

លោកបានបន្តលើកឡើងថា សុខសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជានេះ គឺរកមកបានដោយលំបាក និងមានសារ សំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជា ជន។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត និងបានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានប្តេជ្ញាខ្ពស់ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងជាមួយទង្វើក្បត់ទាំងឡាយណា ដែលអាចនាំមកនូវការបំផ្លាញសុខសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាជន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានបកស្រាយបំភ្លឺទៅ ជនអគតិ ក៏ដូចជាក្រុមប្រឆាំងមួយចំនួន ដែលតែងចោទមកលើរូបលោក ពិសេស សម្តេចតេជោ ហ៊ុន សែន ថា យកថវិកា ជាតិ មកចាយខ្ជះខ្ជាយដើម្បីទិញទឹកចិត្ត កងទ័ព ។ ត្រង់ចំណុចនេះលោក ម៉ាណែត បានឆ្លើយតបទៅវិញថា អំណោយដែល យកមកចែកជូនបងប្អូនកងទ័ពនេះ គឺជា អំណយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិបណ្ឌិត ដែលមានការឧបត្ថម្ភ មកពីសប្បុរសជននានាមិនមែនជាថវិកា ជាតិនោះទេ ៕ ហេង សូរិយា


ចែករំលែក៖