ខេត្តព្រះសីហនុៈ រយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប្លន់ម៉ូតូទាំងកណ្តាលថ្ងៃ ត្រូវបានកម្លាំងចម្រុះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបភ្លាមៗបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពកំហែងយក(ប្លន់)ម៉ូតូពីស្ត្រីវ័យក្មេង នៅចំណុចស្រះក្រពើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក។
ជុំវិញករណីនេះ យោងតាមប្រភពពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យសារព័ត៌មាននគរវត្តដឹងជាបឋមថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីប្លន់ កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត បានតាមប្រមាញ់និង ពួនស្ទាក់ តាមគោលដៅសំខាន់ៗ។ រហូតនៅប៉ុន្មាននាទីក្រោយមុខសញ្ញាជនសង្ស័យបានបង្ហាញខ្លួន នៅចំណុចជាយក្រុង ច្រកចូលតំបន់ក្បាលឆាយ ក៏ត្រូវបានកម្លាំងចរាចរណ៏ផ្លូវគោក ដែលបានកំពុងពួកស្ទាក់នោះ ប្រដេញតាមរហូតឃាត់ខ្លួនបាន ក្នុងរយះពេល១០ទៅ១៥នាទីតែប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា យោងតាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ សេង ស្រីពេជ្យ ភេទស្រី អាយុ១៧ឆ្នាំ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ រូបខ្លួនចេញពីផ្ទះលក់ឥវ៉ាន់ មកសំដៅផ្លូវជាតិ ប៉ុន្តែមកដល់ចំណុចកើតហេតុស្រាប់តែមាន យុវជនម្នាក់អង្គុយត្រង់ផ្លូវបំបែក បានយកដុំថ្មគប់មកលើរូបនាង ពេលនោះរូបនាងបានគេចដុំថ្ម ក៏ត្រូវដួលម៉ូតូ ភ្លាមនោះ ជនសង្ស័យបានស្ទុះមកដណ្តើមម៉ូតូជិះចេញបាត់ ភ្លាមនោះរូបនាងក៏បានស្រែកឲ្យគេជួយ និង ប្តឹងទៅសមត្ថកិច្ចដែលនៅជិត ហើយក៏ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បានភ្លាមៗដែរ។
ជនសង្ស័យដែលធ្វើសកម្មភាពប្លន់នោះ មានឈ្មោះ អ៊ំ ពិសិទ្ឋ ភេទ ប្រុសអាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្រុមទី៣០ ភូមិ០៣ សង្កាត់លេខ០៣ មានស្រុកកំណើតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នយុវជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ