ខេត្តរតនគិរី៖ ស្ត្រីម្នាក់សម្រាលកូន មិនរួចបានបាត់បង់ជីវិតទាំងម្តាយ និងកូន បន្ទាប់ពីទារកបានស្លាប់នៅក្នុងផ្ទៃពោះ ហើយក្រុមគ្រួសារមិនបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ នៅត្រង់ចំណុចខ្ទមស្រែរបស់ជន រងគ្រោះ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
យោងតាមរបាយការណ៍នគរបាលស្រុកលំផាត់ បានឲ្យដឹងថា ស្រី្តរងគ្រោះឈ្មោះ បៀល កាទិន អាយុ២០ឆ្នាំ ជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើមូលហេតុ បណ្ដាលមកពីទារកបានស្លាប់នៅក្នុងផ្ទៃ ម្ដាយទើបកើតមិនរួច បើទោះជាឆ្មបជួយ សង្គ្រោះយ៉ាងណាក៏ដោយ ។
តាមប្រភពព័ត៌មាននៅនឹងផ្ទះស្រ្តីរងគ្រោះឲ្យដឹងថាស្រ្តីរងគ្រោះមានផ្ទៃពោះកូនដំបូងប្រសិនបើក្រុមគ្រួសារនៅពេល ឈឺពោះបញ្ជូនទៅមន្ទីរពេទ្យ ប្រហែលជា អាចជួយសង្រេ្គាះម្តាយទាន់ដោយក្រុមគ្រូ ពេទ្យជំនាញ ។
ប្រភពបន្តថា ប្រការដែលគ្រួសារជនរងគ្រោះមិនបញ្ជូនស្រ្តីទៅសម្រាលនៅក្នុង មន្ទីរពេទ្យ ព្រោះសង្ស័យថាពេលឈឺពោះ ទី១យប់ ហើយផ្លូវឆ្ងាយ និងបញ្ហាទី២ អាចដោយ សារជីវភាពក្រីក្រដែលមិនអាចទៅរកសេវាសម្រាលនៅមន្ទីរពេទ្យបាន ។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕ សហការី