ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួមគ្នា លួចស្រាបៀរពីម្ចាស់កម្មវិធី មង្គលការជាប្រព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៧ ដោយហេតុការណ៍នេះត្រូវបានគេ តាមទាន់រកឃើញបាឡូចំនួន៤ដាក់ញាត់ ស្រាបៀរពេញ និងកេសស្រាបៀរ ABC ចំនួន១កេស, ស្រាបៀរថៃហ្គ័រ ចំនួន១ កេស ដែលបុគ្គលិកពិធីការលួចជញ្ជូន ចេញដឹកទៅ មិនទាន់ក៏បោះចោលក្នុងព្រៃ ដែលស្ថិតនៅខាងក្រោយផ្ទះមង្គលការ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ ពោធិ៍សែនជ័យ។ ក្រោយពីផ្ទុះរឿងនេះ បុគ្គលិកពិធីការ៤នាក់ព្យាយាមរត់គេចខ្លួន នៅសល់ម្នាក់ជាបុគ្គលិកឱ្យចាំមើលឃ្លាំង ស្តុកត្រូវហៅទៅសាកសួរនៅប៉ុស្តិ៍នគរ បាល ។

ក្នុងពិធីមង្គលការមួយដោយម្ចាស់កម្ម វិធីបានជួលក្រុមហ៊ុនបម្រើសេវាកម្មពិធីការ ដើម្បីឲ្យបានធូរចិត្តធូរកម្លាំងដល់សាមី ពិធី។ តែផ្ទុយទៅវិញដូចជួលឱ្យមកលួច អ៊ីចឹង ដោយបុគ្គលិកបម្រើការងាររបស់ ក្រុមហ៊ុនបានបង្កើតកម្លាំងលួចស្រាបៀរ ជាប្រព័ន្ធមានអ្នកលួច មានអ្នកជញ្ជូន មាន អ្នកដឹកបណ្តោះចេញដែលសរុបអស់ស្រា បៀរ ABC ចំនួន២០កេស។

តំណាងម្ចាស់កម្មវិធីមង្គលការមាន ឈ្មោះ សូយ សុភា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរបុគ្គលិកសារព័ត៌មាន មានទីលំនៅ ភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យ បង្កើតក្រុមលួចជាប្រព័ន្ធមានគ្នា៤នាក់ ជា បុគ្គលិកក្រុមហ៊ុន «វឌ្ឍនៈ ពិធីការ» ។ រីឯ បុគ្គលិកក្រុមហ៊ុនម្នាក់រត់ឡើងរថយន្តមិន ទាន់គេឃាត់ខ្លួនបានម្នាក់មានឈ្មោះ រឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ វត្តមហាមន្ត្រី ខណ្ឌចំការមន មានស្រុក កំណើត ភូមិសហគមន៍ ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

ម្ចាស់ដើមការបានឲ្យដឹងថា ពេលដែល ទៅជួលក្រុមហ៊ុន «វឌ្ឍនៈ ពិធីការ» គឺលោក បានយកបុគ្គលិក១៩នាក់គិតក្នុងតម្លៃពល កម្មម្នាក់១០ដុល្លារ។ តែធាតុពិតពេលមក មានមុខជាក់ស្តែងចំនួន២១នាក់ មានប្រុស មានស្រី ដូចជួលមកឲ្យលួចស្រាបៀរ។ តាមសម្តីបុគ្គលិកម្នាក់ហៅសាកសួរបានឲ្យ ដឹងថា ក្រុមខ្លួនពិតជាបានលួចស្រាបៀរ របស់ម្ចាស់កម្មពិធីប្រាកដមែន តែមិន ច្បាស់ចំនួនទេដោយសារដឹកជញ្ជូនចេញ រហូត ។

ក្រោយផ្ទុះរឿងអាស្រូវដោយសារបុគ្គ លិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួមគ្នាលួច ស្រាបៀរពីម្ចាស់កម្មវិធីមង្គលការជាប្រព័ន្ធ រួចមកឃើញថា តំណាងក្រុមហ៊ុនចេញមុខ មកសុំសម្របសម្រួលជាមួយម្ចាស់ដើមការ ដើម្បីបញ្ចប់រឿងដោយតំណាងក្រុមហ៊ុន វឌ្ឍនៈ ពិធីការ ម្នាក់ឈ្មោះ អ៊ង ផល្លី ភេទ ប្រុស អាយុ២៧ឆ្នាំ មកធានាយកបុគ្គលិក របស់ខ្លួនទៅវិញក្រោយពីម្ចាស់ដើមការមិន ចង់ឲ្យមានរឿងល្អក់កកវែងឆ្ងាយនាំឲ្យខាត ពេល និងលុយកាក់បន្ថែមទៀត ៕ ហេង សូរិយា


ចែករំលែក៖