ភ្នំពេញ – បើកាលណាគេនិយាយពីល្បឿនអ៊ិនធើណិតសម្រាប់ទូរស័ព្ទដៃ និងទំហំទិន្នន័យប្រើប្រាស់អ៊ិនធើណិត មិត្តហ្វូន ទំនងជាឈានមុខគេនៅក្នុងទីផ្សារទូរគមនាគមន៍ នៅកម្ពុជា។
ជាការពិត គម្រោង យូធូប ដោយសេរី របស់ មិត្តហ្វូន ទើបតែទទួលបានពានរង្វាន់មាស ពី International Business Awards – Stevie Awards នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែតុលា។
ពានរង្វាន់នេះ ជាការទទួលស្គាល់ គម្រោង យូធូប ដោយសេរី ជាផលិតផល ឬសេវាថ្មីដែលល្អដាច់គេបំផុត ប្រចាំឆ្នាំ២០១៧។
តំណាងក្រុមហ៊ុន មិត្តហ្វូន និយាយថា «យើងមានមោទនភាពណាស់ចំពោះអ្វីដែលយើងសម្រេចបាន។ ពានរង្វាន់មាសនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់មិត្តហ្វូន ចំពោះអតិថិជនដ៏មានតម្លៃដែលតែងតែគាំទ្រដល់មិត្តហ្វូន»។
មិត្តហ្វូន ដែលជាប្រតិបត្តិករសេវាទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បើនិយាយពីចំនួនអតិថិជន និងវិសាលភាពនៃការគ្របដណ្ដប់សេវា បានផ្ដល់សេវាគម្រោង យូធូប ដោយសេរី កាលពីចុងឆ្នាំ២០១៦។
យោងតាមក្រុមហ៊ុន ជាមួយនឹងគម្រោង យូធូប ដោយសេរី អតិថិជនអាចទទួលបានទិន្នន័យប្រើប្រាស់អ៊ិនធើណិតដល់ទៅ ១៤GB ក្នុងមួយសប្ដាហ៍ ជាមួយនឹងសេវា 4G ល្បឿនលឿនរបស់ មិត្តហ្វូន។ ហើយតម្លៃទៀតសោត ក៏ទាបបំផុតដែរ គឺតែ ១ដុល្លារ ក្នុងមួយសប្ដាហ៍ ឬ ៣ដុល្លារ ក្នុងមួយខែ។
តំណាង មិត្តហ្វូន និយាយថា គម្រោង យូធូប ដោយសេរី មិនត្រឹមតែផ្ដល់ដល់អតិថិជននូវភាពងាយស្រួលនៃអ៊ិនធើណិតល្បឿនលឿនប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយសន្សំសំចៃអ្នកប្រើប្រាស់បានច្រើនផងដែរ។
លោកបន្តថា «គម្រោង យូធូប ដោយសេរី ជួយសន្សំសំចៃអតិថិជនចំណេញប្រាក់បាន ២ដង នៃអ្វីដែលកំពុងផ្ដល់ជូននៅក្នុងទីផ្សារទូរគមនាគមន៍បច្ចុប្បន្ន»។
យោងតាមរបាយការណ៍ក្រុមហ៊ុន ចាប់តាំងពីដាក់ឲ្យអតិថិជនប្រើប្រាស់គម្រោងនេះកាលពីចុងឆ្នាំ២០១៦មក គម្រោងយូធូបដោយសេរី មានកំណើននៃការភ្ជាប់ប្រើប្រាស់ពីអតិថិជនយ៉ាងច្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមអតិថិជនរបស់ខ្លួនដែលមានចំនួនប្រហែល ៩៧% នៃប្រជាជនសរុបនៅកម្ពុជា។
អត្រាកំណើននៃការជាវឡើងខ្ពស់បំផុតដល់ ៣៥០% ហើយក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ចំនួនអ្នកជាវនឹងបន្តកើនឡើងថែមទៀត៕
អត្ថបទ៖ ថមសន