ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ ខណៈជិះម៉ូតូទៅបុកគូទរថយន្ត ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយក៏រេចង្កូតទៅបុកគូទរថយន្តប្រភេទធំ ដែលឈប់ចតលើចិញ្ចើមផ្លូវ ដែលមិនដាក់ស្លាកសញ្ញា។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងត្បូងស្តុបណតប្រ៊ីច តាមបណ្តោយផ្លូវណតប្រ៊ីច ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសប្រាប់សារព័ត៌មាននគរវត្តថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ យឹម អេងស្រ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្តនៅអង្គការដើម្បីភាពញញឹមនៃកុមារ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ និង មានស្រុកកំណើតនៅភូមិវិហាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធរួមទាំងកូនតូចៗចំនួនពីរនាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយបៃតង់ ជាប្រភេទរថយន្តប្រាំភ្លៅ ដឹកឈើអុស ពាក់ស្លាក់លេខ កំពង់ធំ 3A 0856 ដែលខូចឈប់ចតនៅលើចិញ្ចើមផ្លុវណតប្រ៊ីចត្រង់ចំណុចកើតហេតុ ក្នុងទិសដៅពីជើងទៅត្បូងដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់ត្រឹមត្រូវនោះទេ ។

លុះមកដល់វេលាកើតហេតុ ស្រាប់តែមានម៉ូតូបើកមកពីក្រោយមួយគ្រឿងទៀតម៉ាក អេសស្អិល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1N-5338 ដែលបើកបរដោយបុរសរងគ្រោះខាងលើ ទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភក្តិនៅម្តុំម៉ៃដា ហើយបំណងជិះត្រឡប់ទៅផ្ទះវិញ នៅម្តុំភូមិទ្រា២ បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដោយផ្លូវមានស្ថានភាពងងឹត រួចក៏ជ្រុលទៅបុកគូថរថយន្ត ដែលខូចឈប់ចតនៅលើចិញ្ចើមផ្លូវខាងលើបណ្តាលឲ្យបុរសរងគ្រោះបោកក្បាលនឹងរថយន្តស្តាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាតបែកចង្កៀងខាងមុខ ។ ភ្លាមៗនោះរថយន្តខាងលើបានព្យាយាមបើករត់គេចបានប្រមាណចម្ងាយ២០០ម៉ែត្រពីកន្លែងកើតហេតុ ក៏បានឈប់រថយន្តរួចអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនរងគ្រោះ និងសាច់ញាតិប៉ុន្មាននាក់ទៀតបានមកដល់កន្លែងកើតហេតុ និងស្រែកទ្រហ៊ោយំឱបសពប្តីយ៉ាងគួរឲ្យអាណោចអាធ័មរហូតដល់សន្លប់បាត់បង់ស្មារតីត្រូវបានប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុជួយសង្គ្រោះបឋម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ផ្លូវខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងហៅសមត្ថកិច្ចចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយនៅពេលក្រោយ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពង់ចាម ដែលជាស្រុកកំណើត៕ តុង សីហា

 


ចែករំលែក៖