ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន១កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារបែកចាន ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ឃឺម ចាន់តារាមុន្នី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ ,ម៉ូតូ១គ្រឿងម៉ាកគុបជ្រុង ធុន៧០ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ,ទូរសព្ទ័ដៃចំនួន២គ្រឿង និងឆ្នាំងសាកទូរសព្ទ័ដៃ១សម្រាប់ដាក់ថ្នាំញៀនផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកអង្គស្នួល ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ ។ លុះមកដល់វេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបែកចាន ចុះធ្វើការឃាត់ខ្លួនជនសង្ស័យនិងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ រួចនាំជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះគឺពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទៅទិញពីមនុស្សប្រុសម្នាក់មិនស្គាល់អត្ដសញ្ញាណ ក្នុងតម្លៃ ៣០ម៉ឺនរៀល នៅផ្តុំលូ៥ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ ២ម៉ឺនរៀលទៅ៣ម៉ឺនរៀល ៕ ស្អាងជ័យ