កាលពីថ្ងៃទី៣១ខែតុលា អតីតមេដឹក នាំតំបន់ស្វ័យភាព កាតាឡូនៀ លោក Carles Puigdemont បានយល់ព្រមចូល រួមក្នុងការបោះឆ្នោតមុនកំណត់ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី២១ខែធ្នូ ខាងមុខ តាមសំណើរបស់រដ្ឋាភិបាលអេស្បា៉ញ ប៉ុន្តែលោកបានបញ្ជាក់ថា នឹងបន្តតស៊ូដើម្បីឯករាជ្យតំបន់នេះ។
តុលាការកំពូលរបស់អេស្បា៉ញ បាន ចេញដីកាកោះហៅ អតីតមេដឹកនាំតំបន់កាតាឡូនៀនិងមន្ត្រី១៣រូបផ្សេងទៀត ទៅកាន់ទីក្រុងរៀលម៉ាឌ្រីដ ក្នុងរយៈពេល ២ថ្ងៃគឺថ្ងៃទី ២និងទី៣ខែវិច្ឆិកា ដើម្បីធ្វើជាសាក្សីពេលតុលាការចាប់ផ្តើមកាត់ទោសពីបទបះបោរបង្កភាពចលាចល ។
បច្ចុប្បន្នលោក Carles Puigdemont កំពុងតែភៀសខ្លួននៅក្នុងប្រទេស បែល ហ្សុិក និងមន្ត្រីដែលត្រូវរដ្ឋាភិបាលអេស្បា៉ញដកហូតតំណែង នៅពេលនេះគេមិនទាន់ ដឹងថា លោក Carles Puigdemont នឹងវិលត្រឡប់ទៅកាន់អេស្បា៉ញវិញដែរឬទេតាមការកោះហៅរបស់តុលាការ។មេដឹកនាំកាតាឡូនៀ បានបញ្ជាក់ថា លោកនឹងវិល ត្រឡប់ទៅកាន់ប្រទេសវិញប្រសិនបើរដ្ឋាភិបាលធានាថាមានការកាត់ទោសដោយយុត្តិធម៌នោះ។
លោក Carles Puigdemont បានអំពាវ នាវដល់ពលរដ្ឋ កាតាឡូនៀ ត្រៀបសម្រាប់វិថីយូរអង្វែងនៅខាងមុខ ។ប្រជាធិបតេយ្យ គឺជាមូលដ្ឋានជួយឲ្យយើងទទួលបានជ័យជម្នះ ។ លោក Carles Puigdemontបន្តទៀត ថា លោកនឹងមិនសុំភៀសខ្លួននៅក្នុងប្រទេសបែលហ្សុិកនោះឡើយ តែលោកចង់បានសេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះ។
ការទាមទារឯករាជ្យចេញពីអេស្បា៉ញ មិនទទួលបានការគាំទ្រ ពីប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិនោះឡើយ ព្រោះ ការធ្វើបែបនេះនឹងធ្វើឲ្យ អេស្បា៉ញត្រូវបែក បាក់សាមគ្គី និងប៉ះពាល់ដល់តំបន់អឺរ៉ុប ទាំងមូល។
កន្លងមកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បាននិយាយថា តំបន់កាតាឡូនៀ មិនអាចចាកចេញពី ប្រទេសអេស្ប៉ាញបានឡើយ តំបន់នោះ គួរតែរក្សាជាប្រទេសមួយដ៏រឹងមាំ និងមាន ឯកភាពជាតិ។
ជាមួយគ្នានោះប្រទេសជាច្រើនទៀត ក៏បានប្រឆាំងនឹងតំបន់កាតាឡូនៀដែលបានប្រកាសឯករាជ្យផងដែរ។ ប្រទេស ដែលប្រឆាំង នោះមាន អង់គ្លេស បារាំង អុីតាលី អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត នៅក្នុងតំបន់អឺរ៉ុប បានប្រកាសមិនទទួលស្គាល់តំបន់កាតាឡូនៀជាប្រទេសឯករាជ្យមួយនោះឡើយ។
រដ្ឋមន្ត្រីការបរទេសបារាំងបានបញ្ជាក់ថា អេស្ប៉ាញត្រូវតែដោះស្រាយបញ្ហាតំបន់កាតាឡូនៀ ហើយរដ្ឋាភិបាលបារាំង គាំទ្រនូវគោលជំហររបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញនៅក្នុងការការពារច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសវិញ ក៏បានប្រកាសផងដែរថា កាតាឡូនៀ បានប្រកាសឯករាជ្យ ពឹងផ្អែកទៅលើការបោះឆ្នោតប្រជាមតិ គឺជារឿងខុសច្បាប់ ហើយការរួបរួមគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសនេះ។
ក្រៅពីនេះ នៅមានប្រទេសតំបន់អឺរ៉ុបជាច្រើនផ្សេងទៀតដូចជា បែលហ្សុិក ព័រទុយហ្គាល់ ក៏បានបង្ហាញពីគោលជំហរ គាំទ្ររដ្ឋាភិបាលអេស្ប៉ាញដែរ ហើយ បានអំពាវនាវឲ្យមានដំណោះស្រាយ បញ្ចប់វិបត្តិនៅក្នុងតំបន់។
ដោយឡែក មន្ត្រីអង្គការណាតូ បាន បញ្ជាក់ថា វិបត្តិនៅក្នុងតំបន់កាតាឡូនៀ គឺជារឿងផ្ទៃក្នុង របស់អេស្ប៉ាញ ហើយ ប្រទេសនេះ ចាំបាច់ត្រូវដោះស្រាយបញ្ហាខាងលើ តាមច្បាប់រដ្ឋធម្មនុញ្ញ។
នៅពេលនេះដែរ ព្រឹទ្ធសភាអេស្ប៉ាញបានបោះឆ្នោតកាលពីថ្ងៃទី២៧ ខែតុលា តាមសុំមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញប្រយោជន៍ ដើម្បីបានដាក់ការគ្រប់គ្រង ដោយផ្ទាល់ ទៅលើតំបន់កាតាឡូនៀ បន្ទាប់ពីសភា កាតាឡូនៀបានបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រចលនា ដែលប្រកាសឯករាជ្យ របស់ខ្លួន ពីប្រទេសអេស្ប៉ាញ នៅក្នុង ទម្រង់នៃសាធារណរដ្ឋ។ នេះបើតាមការ ចេញផ្សាយ របស់សារព័ត៌មាន Sputnik។
សូមជម្រាបផងដែរថា នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Mariano Rajoy បាន អំពាវនាវដល់ជនជាតិអេស្ប៉ាញទាំងអស់ ឱ្យនៅស្ងប់ស្ងៀមខណៈដែលសភាតំបន់ កាតាឡូនៀបានប្រកាសឯករាជ្យ។ នាយក រដ្ឋមន្ត្រីអេស្ប៉ាញ ក៏បានប្តេជ្ញាថា នឹងស្តារ នីតិរដ្ឋឡើងវិញ នៅក្នុងប្រទេសផងដែរ។
ការវិវឌ្ឍនេះ បានកើតឡើងបន្ទាប់ពី សភាកាតាឡូនៀបានបោះឆ្នោតសម្ងាត់ គាំទ្រចលនាដែលប្រកាសឯករាជ្យចេញ ពីប្រទេសអេស្ប៉ាញ ក្នុងទម្រង់ជាសាធារណ រដ្ឋមួយ។ ក្នុងចំណោមសមាជិកសភា ១៣៥រូប គឺមានតែ៨២រូបប៉ុណ្ណោះ ដែល បានចូលរួមការបោះឆ្នោត ដោយក្នុងនោះ ៧០សំឡេង បានបោះឆ្នោតគាំទ្រឯក រាជ្យភាព ខណៈ១០សំឡេងទៀត ប្រឆាំង។ សមាជិកសភា២នាក់បានបោះឆ្នោតសន្លឹកឆ្នោតទទេ។
ការបោះឆ្នោតនេះត្រូវបានធ្វើឡើង កាលពីថ្ងៃសុក្រ នៅវិមានសភាបាសេឡូ ណា។ សមាជិកសភាកាតាឡូនៀ មកពី គណបក្សសង្គមនិយម និងបក្សប្រជាជន និង Ciudadanos បានចាកចេញប៉ុន្មាននាទី មុនពេលបោះឆ្នោតលើឯករាជ្យភាព ពី ប្រទេសអេស្ប៉ាញនេះ។
កន្លងមកពលរដ្ឋ អេស្បា៉ញរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវជា ច្រើនក្នុងទីក្រុង បាសេឡូណា ជាទីក្រុង សំខាន់បំផុតនៅ ក្នុងតំបន់កាតាឡូនៀ ដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យជា ឯកតោភាគី ចេញពីអេស្បា៉ញ ។ ពលរដ្ឋអេស្បា៉ញបានបង្ហាញពីសាមគ្គីភាព ដើម្បី ឯកភាពជាតិអេស្បា៉ញ។
នៅក្នុងទីក្រុងបាសេឡូណា កាលពី ថ្ងៃទី២៩ ខែតុលា ពលរដ្ឋអេស្បា៉ញរាប់សែននាក់បានបង្ហាញពីសាមគ្គីភាពរបស់ពលរដ្ឋដើម្បី ធ្វើឲ្យអេស្បា៉ញកាន់តែ ខ្លាំងក្លា ។ ការប្រកាសឯករាជ្យនោះបាន ធ្វើឲ្យ រដ្ឋាភិបាលអេស្បា៉ញសម្រេច ដក ហូតសិទ្ធិ គ្រប់គ្រងស្វ័យភាពនៅក្នុងតំបន់នេះ។
ក្រុមអ្នកចូលរួមដង្ហែក្បួនព្យុហយាត្រា បានបានឲ្យដឹងថា គោលដៅដែលចូល រួមនោះគឺដើម្បីការពារ នូវឯកភាពជាតិ អេស្បា៉ញ គាំទ្ររដ្ឋាភិបាលក្នុងការរារាំង សកម្មភាព ឯករាជ្យ របស់កាតាឡូនៀ។ ក្រុម អ្នកចូលរួមដង្ហែក្បួន បានស្រែកពាក្យ ស្លោកថា «Viva Espana » និងគ្រវីទង់ជាតិ អេស្បា៉ញ ទាមទារឲ្យដាក់ទោសមេដឹកនាំកាតាឡូនៀ លោក Carles Puigdemont ដែលបំបែកបំបាក់អេស្បា៉ញ៕ ម៉ែវ សាធី