ទំនាក់ទំនងរវាងអាមេរិកនឹងកូរ៉េខាងជើង អាចប្រឈមមុខតានតឹងដោយសារ តែបញ្ហា អ្នកភៀសខ្លួននយោបាយរត់ ចោលជួរ ពីកូរ៉េខាងជើង ហើយទទួលបានសិទ្ធិរស់នៅក្នុងទឹកដីអាមេរិក។
បញ្ហា ជនភៀសខ្លួនកូរ៉េខាងជើង គឺជាបញ្ហាបារម្ភបំផុតរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលអាចធ្វើឲ្យបែកធ្លាយនូវចំណុចខ្យោយ របស់ប្រទេសអាថ៌កំបាំងមួយនេះ។កន្លងមក ពលរដ្ឋសាមញ្ញភៀសខ្លួនចេញ ពីប្រទេស ក៏ត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តាមចាប់ខ្លួននិងទាមទារឲ្យប្រទេសដែលទទួលយកបញ្ជូនទៅឲ្យកូរ៉េខាងជើងវិញ។ ចំណែកអតីតមន្ត្រីជាន់ខ្ពស់ដែលភៀសខ្លួនចេញ អាចទម្លាយពីអាថ៌កំបាំង របស់រដ្ឋាភិបាលកូរ៉េខាងជើង ។ទាំងនោះហើយបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងអាមេរិកអាចប្រឈមមុខដាក់គ្នា ដោយ សារតែបញ្ហាខាងលើជាថ្មីទៀត។
នៅពេលនេះដែរមន្ត្រីគណបក្សសាធា រណរដ្ឋ អាមេរិកមួយរូបបានឲ្យដឹងថា អតីតមន្ត្រីជាន់ខ្ពស់ដែលរត់ចោលជួរមួយរូប នឹងមករស់នៅសហរដ្ឋអាមេរិក ក្នុង សប្តាហ៍នេះ ដោយទំនងជាមិនអាចទ្រាំបាន និងការដឹកនាំផ្ដាច់ការរបស់របបមេដឹកនាំសព្វថ្ងៃនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
លោកថូ យ៉ុងហូ ដែលជាមន្ត្រីលេខ២ នៅស្ថានទូតកូរ៉េខាងជើង ក្នុងទីក្រុងឡុង មុនពេលធ្វើទស្សនកិច្ច ទៅកាន់ប្រទេស កូរ៉េខាងត្បូង កាលពីឆ្នាំមុន បាននិយាយ នៅមុខគណៈកម្មាធិការ កិច្ចការបរទេស របស់អាមេរិក ពាក់ព័ន្ធនឹងស្ថានភាពក្នុង ប្រទេសរបស់លោក។
លោក Royce ដែលជាប្រធានគណៈ កម្មាធិការ បានលើកឡើងថា “នៅពេល យើងខិតខំប្រឹងប្រែង ទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង យើងត្រូវតែពិចារណាលើជម្រើស នៃ គោលនយោបាយ គ្រប់បែបយ៉ាងរបស់ យើង “។
នៅក្នុងព្រឹតិ្តការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ រូងក្រោមដី ជា កន្លែងសាកល្បង គ្រាប់បែកបរមាណូ របស់កូរ៉េខាងជើង បានបាក់ស្រុត ដោយសារតែកម្លាំងផ្ទុះនៃការសាកល្បងគ្រាប់បែកអុីដ្រូហ្សែននាពេលកន្លងមក ។
តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយនៅថ្ងៃអង្គារថា មនុស្សប្រហែល ២០០ នាក់ បានស្លាប់ បន្ទាប់ពីផ្លូវក្រោមដីមួយនៅតំបន់ធ្វើតេស្តនុយក្លេអ៊ែរនៅកូរ៉េខាងជើងបានបាក់រលំ។
យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ផ្លូវក្រោមដីនោះ កំពុងសាងសង់នៅកន្លែងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri នៅពេលដែលវាបានបាក់រលំហើយមនុស្សប្រហែល ១០០នាក់ បានជាប់នៅ ខាងក្នុងនោះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនឈ្មោះ Asahi បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយនៅក្នុងប្រទេសកូរ៉េខាងជើង។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹង ថា មនុស្ស ១០០នាក់ទៀត អាចត្រូវស្លាប់ ដូចគ្នា ក្នុងពេលដែលពួកគេបានទៅជួយសង្គ្រោះ ហើយជាអកុសល ផ្លូវរូងក្រោមដី នោះ ក៏បាក់ជាលើកទី២៕ ម៉ែវ សាធី