ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅបុកជាមួយរថយន្តធុនធំ ហើយចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបានធ្វើឲ្យបុរសម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្ដៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តធុនធំ និងត្រូវរថយន្តកិនតែម្ដង ។

បុរសរងគ្រោះមានឈ្មោះ ខុន រ៉ាយុទ្ធ អាយុ២៤ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យសារព័ត៌មាននគរវត្តដឹងថា ថយន្ដមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយខ្មៅ ដែលពាក់ស្លាកលេខ 3D-313 បើកបរដោយបុរសម្នាក់ ដោយមិនស្គាល់អត្ដសញ្ញាណ តាមផ្លូវបេតុង ពីត្បូងទៅជើងក្នុងល្បឿនលឿន ដល់ផ្លូវកោងបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ1DG-8498 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា ចូលក្រោមរថយន្ដស្លាប់យ៉ាងអាណោចអាធ័ម ។ ដោយឡែកតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកវាស់វែង និងយករថយន្ដម៉ូតូទៅរក្សាទុកដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ភារ៉ា ដង្កោ


ចែករំលែក៖