ភ្នំពេញ៖ យុវជន៣នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរភ្ជង់ប្លន់យកកាលពីឆ្នាំមុនប្រទះឃើញនៅតាមផ្លូវឧកញ៉ាម៉ុង ឫទ្ធី។
ការឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើនេះ នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខបុរីជិបម៉ុងឡែន តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ភូមិបាយាប សង្កាត់ភភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសប្រាប់ថា៖ ជនសង្ស័យទាំង៣នាក់នេះ ១/មានឈ្មោះ រិន ឈៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ២/ឈ្មោះ អឿន ចរណៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិត្រពាំងចំបក់ ឃុំលង្វាក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣/ឈ្មោះ ម៉េង រតនា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី មានស្រុកកំណើតភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូដែលត្រូវចោរប្លន់កាលពីឆ្នាំមុននោះ មានឈ្មោះ ឆុង សុីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទបជួល ភូមិភ្នំពេញថ្មី និងមានស្រុកកណើតភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរៀបរាបប្រាប់សមត្ថកិច្ចថា៖ កាលពីឆ្នាំ២០១៥ រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS.2016 ចេញពីផ្ទះជួល ទៅរត់ឌុបហើយនៅវេលាម៉ោង៦និង៣០នាទីព្រឹក ក៏ជួបនឹងជនសង្ស័យម្នាក់ហៅអោយគាត់ឌុបពីម្តុំមុខមន្ទីរពេទ្យសែនសុខ(IU) ទៅសង្កាត់សំរោងក្រោម ស្រាប់តែទៅដល់ក្បែរប៉ុស្តិ៍សំរោងក្រោម ជនសង្ស័យបានដកកាំភ្លើងភ្ជង់ប្លន់យកទៅបាត់។ លុះមកដល់ថ្ងៃកើតហេតុ គាត់បានឃើញម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យកំពុងជិះឌុបគ្នាតាមផ្លូវខាងលើ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
ដោយឡែកតាមសម្តីរបស់ឈ្មោះ រិន ឈៀង បានប្រាប់សមត្ថកិច្ចថា៖ ម៉ូតូដែលរងការចោទប្រកាន់នេះ គឺឱពុករបស់ខ្លួនបានទិញពីអ្នកស្គាល់គ្នានៅខេត្តព្រៃវែង តាំងពីអំឡុងឆ្នាំ២០១៥មកម្ល៉េះទុកអោយកូនជិះធ្វើការ លុះមកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់មកអះអាងថា ម៉ូតូនេះជារបស់ខ្លួនទៅវិញ។
តាមសម្តីសមត្ថកិច្ចបានប្រាប់ថា៖ ក្រោយពីឃាត់ខ្លួនយុវជនទាំង៣នាក់មកសាកសួរនិងត្រួតពិនិត្យនូវឯកសាររបស់ដើមបណ្តឹងរួចឃើញថា ម៉ូតូខាងលើមានស្លាកលេខត្រឹមត្រូវតាមឯកសារច្បាប់ដើមរបស់ដើមបណ្តឹង ប៉ុន្តែលេខតួ លេខម៉ាសុីនបែរជាខុស(ដាក់ជួសលេខ)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះ ៕ តុង សីហា